ភ្នំពេញ ៖ យុវជនចិត្តខ្លាំងម្នាក់ កំពុងអង្គុយផឹកស្រាបៀរ ខឹងគេមើលមុខ ក៏ទាញកាំបិតប៉័ងតោដេញកាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ចឃាត់ខ្លួននាំយកមកសួរនាំវេលា ម៉ោង១១ និង១៥ នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិត្រពាំងភូមិ ព្រៃសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ គឹម លីនដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀនក្នុងខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ បូ រ៉ាមី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ វត្ថុតាងដកហូត ៖ កាំបិតតាំងតោដងឈើចំនួន១ ។
តាមសម្តីជនសង្ស័យបានសារភាពថា នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ខ្លួន និងមេជាងសំណង់ម្នាក់ បានទៅអង្គុយផឹកស្រាបៀរ នៅតូបអ្នកលក់មួយកន្លែង ខណៈកំពុងអង្គុយ ស្រាប់តែជនរងគ្រោះ និងមិត្តភក្តិបានមកអង្គុយតុក្បែរនោះដែរ ។
ជនសង្ស័យបានបន្តថា បន្ទាប់មកជនរងគ្រោះចេះតែសម្លឹងមើលមុខខ្លួនរហូត ទើបធ្វើឲ្យខ្លួន ខឹងទប់កំហឹងមិនបាន ក៏រត់ទៅទាញកាំបិតប៉័ងតោ មកពីផ្ទះដែលនៅជិតកន្លែងផឹកស៊ីដែរ បំណងមកកាប់ជនរងគ្រោះតែត្រូវបងប្អូន និងប្រជាពលរដ្ឋឃាត់ជាប់ ។ ក្រោយមកទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ