ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធ២នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្ត រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូតាមផ្លូវមិនគោរពសិទ្ធិអាទិភាពបុកជាមួយរថយន្តកូរ៉ូឡា បើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងកាលពីថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៩ និង១៥០ ស្ថិតក្នុងភូមិទួលអំពិល សង្កាត់្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អ្នកជិះម៉ូតូរងរបួសមានឈ្មោះ ប្រាជ្ញ រឺង អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងប្រពន្ធឈ្មោះ ម៉ា សាលួន អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិទួលអំពិល ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ សំ សូនី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរ រថយន្តតាក់ស៊ី មានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៩៧៩៩ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចកើតហេតុ បុកជាមួយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២A១៥០២ ក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ និងស្រាល ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងអូសយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីបំពេញសំណុំរឿងទៅតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖