ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ពុំស្គាល់អត្ដសញ្ញាណដែលមានសភាពស្អុយរលួយ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេមេគង្គ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សាកសពជនរងគ្រោះពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ កម្ពស់១,៦០ម៉ែត្រ សម្បុរស្រអែម សក់ស្លូតវែង ពាក់អាវសាច់ក្រណាត់ ពណ៌ប្រផេះ មានហោប៉ៅនៅខាងឆ្វេង ស្លៀកខោខូវប៊ូយជើងវែង ពណ៌ខៀវ ពាក់ចិញ្ចៀនពណ៌ស នៅមេដៃខាងឆ្វេង មានស្នាមសាក់ រូបមេអំបៅ រូបហង្ស នៅលើទ្រូង និងមានសាក់រូបផ្កាច័ន្ទនៅលើកំភួនដៃខាងស្តាំ ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ពលរដ្ឋខ្មែរឥស្លាមម្នាក់ បានជិះទូកទៅនេសាទត្រីតាមដងទន្លេមេគង្គ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើ អណ្ដែតទឹកក្នុងសភាពស្អុយរលួយ ភ្លាមនោះក៏ភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកអំពិល ដើម្បីពិនិត្យ ។ ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បានរាយការណ៍បន្ដទៅនគរបាលជំនាញស្រុក ដោយមានការចូលរួមពីមេភូមិ ក្រុមប្រឹក្សាឃុំ និងគ្រូពេទ្យ រួចពិនិត្យសាកសពឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
បន្ទាប់ពីពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមប្រឹក្សា ឃុំព្រែកអំពិល ដើម្បីបញ្ចុះរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ