ព័ត៌មានទាន់ហេតុការណ៍៖

ដីមិនទាន់ដោះស្រាយ ម្ចាស់ផែស្ងួត ឡោ ស៊ុនជាង យកគ្រឿងចក្រជីកកកាយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ចាន់ ថានី ភេទប្រុស អាយុ៤៦ ឆ្នាំ រស់នៅ ភូមិបរហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន លោកស្រី តំណាងរាស្រ្ត បាន ស្រីមុំ អ៊ី ឈាន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឲ្យជួយរកយុត្តិធម៌ និង អន្តរាគមន៍ ដល់គាត់ ដែលជាពលរដ្ឋស្លូតត្រង់ ខណៈដីរបស់ខ្លួន ត្រូវបានបុរសម្នាក់ ឈ្មោះ ឡោ ស៊ុនជាង ដែលជាម្ចាស់ផែស្ងួត បានរំលោភយកដីរបស់គាត់ ដែលមានទទឹងប្រវែង៤២ម៉ែត្រ បណ្តោយ៥០ម៉ែត្រ នៅចំណុចជាប់ផ្លូវជាតិលេខ៥៧ និងជាប់ផែស្ងួត ឡោ ស៊ុនជាង ស្ថិតក្នុង ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានទិញពីបុរសម្នាក់ឈ្មោះ មាស សុខុម ហៅទូច ជាមន្ត្រីនគរបាល រស់នៅ ភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។

ជាក់ស្តែងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោក ឡោ ស៊ុនជាង បានបញ្ជាឲ្យគ្រឿងចក្រជីកកកាយដីរបស់ខ្លួនបន្ត ដើម្បីយកធ្វើជាស្រះទឹក ហើយលោក ចាន់ ថានី ដែលអះអាងថា ជាម្ចាស់ដីពិតប្រាកដ ក៏ចុះទៅធ្វើការហាមឃាត់មិនឲ្យបន្តធ្វើសកម្មភាពទៀតនោះឡើយ ។

លោកបានរំលឹកថា ដីនោះទិញកាល ឆ្នាំ២០០៣ ដោយមានលិខិតទិញលក់ទទួលស្គាល់ពីលោក ប៊ុន ចាន់វុទ្ធី អតីតមេ ភូមិអូររអិល ហើយមានបង្កាន់ដៃបោះត្រាពីលោក កង ថេង មេ ឃុំស្ទឹងកាច់ ហើយថែមទាំងមានការចុះហត្ថលេខាពីលោក មាស សារី អតីតប្រធានការិយាល័យ ភូមិបាលស្រុកសាលាក្រៅទៀតផង ។

លោកបន្តថា បន្ទាប់ពីទិញបានរយៈពេល៦ ខែ លោកទៅធ្វើរបងព័ទ្ធជុំវិញដីនោះ ស្រាប់តែលោក ជា ចាន់ឌិន អតីត ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំកូនចៅចុះទៅហាមឃាត់ ។ ក្រោយមកលោកមិនសុខចិត្ត ក៏ហៅម្ចាស់ដើម និងអាជ្ញាធរ ភូមិ- ឃុំ ចុះទៅធ្វើអន្តរាគមន៍ ។

ប៉ុន្តែ មិនអាចដោះស្រាយចេញ ព្រោះគេអាងអំណាច ហើយបន្តសំណុំរឿងដល់ថ្នាក់ខេត្ត តែគ្មានលទ្ធផល ទើបរហូតដល់គាត់ដាក់ពាក្យបណ្តឹងសុំរក្សាការពារទៅខាងរដ្ឋបាលសាលាដំបូងខេត្តប៉ៃលិនជាច្រើនលើកច្រើនសារ តែគេមិនព្រមចាត់ការឲ្យគាត់នោះឡើយ ព្រោះមានការឃុបឃិតគ្នាជាប្រព័ន្ធ ។

លោក ចាន់ ថានី បានបញ្ជាក់ទៀតថា លោក ឡោ ស៊ុន ជាង ម្ចាស់ផែស្ងួតខាងលើ បានយកគ្រឿងចក្រទៅឈូសឆាយដីរបស់លោក អស់រយៈពេល៣លើកមកហើយ ដែលធ្វើឲ្យដីនោះខូចទ្រង់ទ្រាយដើមទាំងស្រុង ហើយលោកក៏បានចុះទៅហាមឃាត់ដែរ តែគេនៅបន្តធ្វើរហូតមកដល់ពេលនេះ ។

គាត់ក៏សូមអំពាវនាវម្តងហើយម្តងទៀត ដល់អាជ្ញាធរខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន ឲ្យជួយរកយុត្តធម៌ជូនគាត់ផង ខណៈអ្នកមានលុយបន្តធ្វើសកម្មភាពឥតឈប់ឈរ ព្រោះតែអាងអំណាច និងលុយកាក់បែបនេះ ។

ចំណែកឯខាងស្ថាប័នតុលាការខេត្តប៉ៃលិន ពេលទទួលបណ្តឹងរក្សាការពារហើយ អត់ព្រមចាត់ការនោះទេ ពោលគឺយកទៅផ្អឹបចោលតែម្តង ។ លោកបន្តទៀតថា លោក ឡោ ស៊ុនជាង ដែលអាងតែ ខ្លួនមានទ្រព្យសម្បត្តច្រើន ឃុបឃិតជាមួយ និងបក្សពួករួមដៃគ្នាធ្វើឯកសារក្លែងក្លាយដើម្បីយកដីរបស់អ្នកដទៃ ទៅធ្វើជាកម្មសិទ្ធរបស់ខ្លួន ។

ពាក់ព័ន្ធ និងបញ្ហានេះ ភ្នាក់ងារយើងបានទំនាក់ទំ និងទៅខាងលោក ឡោ ស៊ុនជាង ជាម្ចាស់ផែ ស្ងួតខាងលើ បានឲ្យដឹងថា ខាងលោកមិនដឹងនោះទេ ព្រោះដីនោះបានទិញពីលោក ជា ចាន់ឌិន អតីត ស្នងការនគរបាលខេត្តប៉ៃលិន ហើយលោកក៏បានទទួលដំ និងថា តុលាការ បានចេញសាលក្រោម ឲ្យ ខាងលោក ជា ចាន់ឌិន ឈ្នះក្តីនេះដែរ ។

ចំណែកលោក អ៊ុំ ប៊ុនធឿន មេធាវីការពារក្តីលោក ចាន់ ថានី បានឲ្យដឹងថា ដីនោះមិនមែនជាដី របស់លោក ជា ចាន់ឌិន អតីតស្នងការនគរបាលខេត្តនោះឡើយ គឺជាដីរបស់លោក ចាន់ ថានី ជាកូនដី របស់លោក ដែលបានទិញពីលោក មាស សុខុម ហៅទូច ជាមន្ត្រីនគរបាល ប្រចាំនៅខេត្តប៉ៃលិន ប្រាកដ មែន ហើយក៏មានសាក្សី នៅរស់មួយចំនួនគេរង់ចាំបំភ្លឺផងដែរ ។

លោកបន្តទៀតថា ទោះបីជាយ៉ាងណា ខាងលោក និងការពារក្តីឲ្យជនរងគ្រោះរហូតដល់ទីបញ្ចប់ ហើយ និងឲ្យបន្តដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរ ដើម្បីចុះធ្វើការស្រាវជ្រាវបន្ថេមទៀត ព្រោះបើភាគីម្ខាងទៀត ពិតជាទទួលបានការកាត់ក្តីឲ្យឈ្នះមែនម្តេច ក៏មិនបង្ហាញឯកសារនោះឲ្យខាងភាគីម្ខាងទៀតឃើញ ៕ ស សារ៉េត


ចែករំលែក៖