ភ្នំពេញ៖ គំនរសំរាម ដែលប្រជាពលរដ្ឋនាំគ្នាយកទៅចាក់ចោលនៅក្នុងដីឡូត្រូវបានអគ្គិភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុតរួមផ្សំ និងអាកាសធាតុក្តៅខ្លាំងងាយប្រឈមផងនោះ ទើបគ្រោះអគ្គិភ័យចេះតែកើតឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ។ ដោយឡែក អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ ថ្ងៃនេះ គឺថា ក្នុងរយៈពេលមិនដល់១ម៉ោងផង មានគ្រោះអគ្គិភ័យឆាបឆេះចំនួន៣លើកក្នុង ខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរយៈពេលមិនដល់១ម៉ោងផងនោះ គឺកើតមានគ្រោះអគ្គិភ័យចំនួន៣ករណី ដោយករណីទី១ កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ចំណុចសំណង់អគារចាស់ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញបណ្ដាលមកពីឆេះគំនរឈើទុកចោលនៅលើដំបូលអគារបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចេញអន្តរាគមន៍ ។ ក្នុងហេតុការណ៍នោះ មានម៉ូតូទឹករបស់រដ្ឋបាលសាលា ខណ្ឌដូនពេញចំនួន៣គ្រឿងបានចុះមកដល់ចំណុចកើតហេតុ និងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងចំនួន១គ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ករណីទី២កើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃ ខែដដែល ដែលចំណុចហាងលក់នាឡិកាយីហោ ICEWATCH ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា កើតចេញពីករណីឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងខាងក្រោយផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លាមៗ ។ ចំណែក ករណីទី៣កើតឡើងនៅពីវេលាម៉ោង៩យប់ ថ្ងៃដដែល ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវលេខ៦៣ ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញមានករណីអគ្គិភ័យឆាបឆេះសំបកដបជ័រ កៅអីចាស់ៗ និងដើមប្រខុបបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហើយសមត្ថកិច្ចបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន៨បំពង់ទើបបាញ់រលត់ជាស្ថាពរ ។
លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានផ្ទះនៅជិតដីឡូត៍មានស្មៅស្ងួត ឬកន្លែងចោលសំរាម សូមយកចិត្តទុកដាក់ពីបញ្ហាទាំងនេះ កុំឲ្យកូនលេងភ្លើង ឬអ្នកទទួលទានបារី កុំបោះកន្ទុយបារីចោលផ្ដេសផ្ដាសហើយបន្ថែមទៀតនោះ មានករណីអគ្គិភ័យឆាបឆេះ សូមបងប្អូនជួយគ្នាទប់ស្កាត់ និងពន្លត់ភ្លាមៗ ដើម្បីកុំឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋទាន់ ៕ ធឿនព្រែកជ័យ