ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានចុះជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត ហើយនិងមានការចូលរួមរបស់លោកប្រធានមន្ទីរក្នុងបន្ទុកគណៈកម្មការ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅនៃខេត្ត ភាពរីកចម្រើន និងបញ្ហាប្រឈមនានាក្នុងខេត្ត ។
ឆ្លៀតក្នុងឱកាសជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិន លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការចុះជួបដោយផ្ទាល់ជាមួយនិងថ្នាក់ដឹកនាំខេត្តនេះ គឺជាឱកាសដែលអនុញ្ញាត អោយលោក លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងរដ្ឋបាលខេត្តបានពិភាក្សាគ្នាដោយផ្ទាល់ រួមគ្នារកវិធីសាស្ត្រក្នុងការប្រយុទ្ធ និងផែនការឲ្យចេញទៅជាលទ្ធផល និងសមិទ្ធផលជាក់ស្តែងជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាជាតិទាំងមូល ។ លោកប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានស្នើដល់អាជ្ញាធរខេត្តបន្តខិតខំបំពេញការងារឲ្យសកម្មថែមទៀត ដើម្បីឆ្លើយតបតម្រូវការសង្គម សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងនោះការអភិវឌ្ឍ កសាងធនធានមនុស្សជារឿងសំខាន់ ហើយក្នុងឱកាសនោះផងដែរ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ក៏បានកត់សម្គាល់នូវបញ្ហាប្រឈម មួយចំនួនរបស់ខេត្តប៉ៃលិន ដោយបានសន្យាថា និងពាំនាំនូវផលលំបាកទំាងនោះជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចប្រធានរដ្ឋសភា ។
គួររំលឹកផងដែរថា ខេត្តប៉ៃលិន គឺជាខេត្តទី១៤ ហើយដែលប្រតិភូគណៈកម្មការអប់រ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី បានចុះបំពេញបេសកកម្មផងដែរ ៕ ស សារ៉េត