ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសពីរនាក់បងប្អូន ចុះលេងទឹកបឹងលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ​បាន​លង់ទឹក​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ២០១៩ នៅ​ចំណុច​បឹង​ទំនប់​ថ្មី ភូមិ​គោក​សំពរ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

ក្មេង​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ ធៀន សុវណ្ណ​ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៩​ឆ្នាំ ត្រូវជា​បង និង​ម្នាក់​ទៀត​ឈ្មោះ​ ធៀន សុវណ្ណ​ចាន់​ឌី ភេទ​ប្រុស អាយុ​៥​ឆ្នាំ ត្រូវជា​ប្អូន ។ ក្មេង​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​ម្តាយ​ឈ្មោះ​ទឹ​ន សា​រ៉ាត់ អាយុ​៣២​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ​ទឹ​ត សុ​ឌឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ បាន​និយាយ​ថា មុន​ពេល​កើតហេតុ កូន​ៗ​ទាំង​២​នាក់​របស់​ពួក​គាត់​បាន​ដើរទៅ​ងូតទឹក​នៅ​កន្លែង​កំពង់ទូក ដោយ​ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍ និង​នឹក​មិនឃើញ​ថា​ កូនចុះ​​ទៅ​ងូតទឹក​នោះ​ទេ ស្រាប់តែ​កូន​របស់​ពួក​គាត់​លង់ទឹក​ស្លាប់​ទាំ​២​នាក់​បាត់​ទៅ​ហើយ ទោះជា​ពួក​គាត់​ខំ​យក​កូន​ទាំង​២​នាក់​ទៅ​សង្គ្រោះ​ដែរ តែ​ហូ​ស​ពេល​ទៅ​ហើយ​ ។ បន្ទាប់​ពួក​គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ ។

តាម​ប្រភព​ពី​ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បានឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ។

តាម​ប្រភព​ពី​ប៉ូលិស​បាន​បញ្ជាក់​ថា បន្ទាប់​ពិនិត្យ​រួច រក​ឃើញ​ថា ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន​ពិត ជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ហើយ​សមត្ថ​កិច្ច​បាន​ប្រគល់​សព​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕ បែន នួន


ចែករំលែក៖