ព័ត៌មានទាន់ហេតុការណ៍៖

ខឹងយុវជនម្នាក់បើករថយន្តមកបុករថយន្ត570របស់ខ្លួន បុរសម្នាក់ចុះទៅទះ៣កំផ្លៀងផ្អើលដល់ពលរដ្ឋ ចុងក្រោយសងថ្លៃជួសជុលឲ្យទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានចុះពីលើរថយន្តឡិចស៊ីស 570របស់ខ្លួន មកទះយុវជនម្នាក់ចំនួន៣កំផ្លៀង ក្រោយពីខឹងយុវជនរូបនោះបើករថយន្តកូរ៉េមកបុករថយន្តរបស់គាត់ពីក្រោយរងការខូចខាតតិចតួច ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរច្រកចូលវត្តព្រះបាទជាន់ឯក (វត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស LX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-6921 ដោយស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយឺតលឿនៗ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ទំនង់មួយតោនកន្លះ បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតជាមួយ មកស្របគ្នាពីក្រោយរថយន្តឡិចស៊ីស 570ខាងលើ ហើយមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តឡិចស៊ីស ចំពីក្រោយ បណ្ដាលឲ្យបែកស្ទុបម្ខាង ឯរថយន្តបង្កក៏បែកស្ទុបម្ខាងដូចគ្នា ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តឡិចស៊ីស 570ដូចជាខឹងសម្បាជាខ្លាំង ក៏បានចុះទៅទះកំផ្លៀងយុវជនម្នាក់ដែលជាតៃកុងចំនួន៣ដៃ និងស្ដីឲ្យខ្លាំងៗថែមទៀត ធ្វើឲ្យអ្នកដំណើរតាមផ្លូវងើងឆ្ងល់ឈប់មើលគ្រប់ៗគ្នា និងបណ្ដាលឲ្យមានកក់ស្ទះចរាចរណ៍ផងដែរ ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ជួយសម្របសម្រួលភាគីទាំងសងខាង និងជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរផងដែរ ។ ជាចុងក្រោយ ថៅកែយុវជនដែលបើករថយន្តកូរ៉េ បានសម្របសម្រួលជាមួយម្ចាស់រថយន្តឡិចស៊ីស 570 ដោយព្រមជួសជុលរថយន្តឡិចស៊ីស ឲ្យស្អាតដូចដើមឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖