ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ស្រ្តីម្នាក់ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្ដាច់ជីវិតយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកបេតុង បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូស្កុបពី ពេញទំហឹង ខណៈជនរងគ្រោះបាននាំគ្នាវិលមកពីស្រុក កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ ស៊ុ សាវ៉េត ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មាន ស្រុកកំណើតទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ ឆ្នាំង ។ ចំណែកជនរងគ្រោះម្នាក់ទៀតរបួសស្រាល ឈ្មោះរឿន វិល័យ ភេទស្រី អាយុ២១ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួគ្នា មាន ស្រុកកំណើតភូមិ ឃុំជាមួយគ្នា ។

ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ ឆ្នាំង 1H-6576 ជាមធ្យោបាយ ។ ចំណែករថយន្តបង្ក ម៉ាក FUSO ពណ៌ស ពាក់ស្លាក ភ្នំពេញ 5A-2349 ជារថយន្តដឹកបេតុង ក្រុមហ៊ុនដ្រេហ្គន សុធី បើកបរដោយឈ្មោះ អិន ឆេងហ័ន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ បើកបររថយន្តដឹកបេតុង មានទីលំនៅ ភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា តាំងពី ស្រុកកំណើត ក្នុងបំណង់ មកផ្ទះជួលនៅសង្កាត់ចោមចៅ៣វិញ ធ្វើដំណើរ កាត់តាមផ្លូវហាណូយ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើង ហើយបត់ឆ្លងផ្លូវ មកបុកម៉ូតូទាំងកំរោល កិនស្ត្រីរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យស្លាកស្នាម រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបររថយន្តផង សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖