ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ហាញមុខ ជនសង្ស័យទាំង០៦នាក់ជាក្រុម ប្រព្រឹត្តបទល្មើស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជម្រាបដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់មេត្តាជ្រាបថា ៖ ជនសង្ស័យទាំង០៦នាក់ ដែលមានភ្ជាប់ជាមួយរូបថតខាងក្រោមស្រាប់ ជាក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ដោយក្រុមជនសង្ស័យទាំងអស់នេះ បានវាយដោយវត្ថុរឹងមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាលខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ ដើម្បីវះកាត់លលាដ៍ក្បាលយកឈាមកកចេញពីខួរក្បាល ។ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពរួច កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកជនសង្ស័យ ចំនួន០៦នាក់ទៀតបានរត់គេចខ្លួន ។

ក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចទាំងអស់ សូមជួយសហការតាមចាប់ជនសង្ស័យដែលមានភ្ជាប់រូបថតជាមួយស្រាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន និងប្រជាពលរដ្ឋទាំងអស់ សូម មេត្តាជួយសហការបើបានឃើញជនសង្ស័យ ដូចមានរូបថតខាងក្រោម សូម ជួយរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសង្ឃឹមយ៉ាងមុតមាំទុកជាមុន ចំពោះកិច្ចសហការពីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ផងដែរ ៕


ចែករំលែក៖