ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១៤៦ខ្នង នៅក្នុងស្រុករមាសហែក បានដួលរលំ និងរើកដំបូលព្រមទាំងបង្កឲ្យមនុស្សម្នាក់រងរបួសដោយសារតែមានភ្លៀងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ។
ពាក់ពន្ធ័ និងករណីខាងលើនេះ លោកស៊ូម៉ល់អភិបាលរងស្រុករមាសហែកបានឲ្យដឹងថា ផ្ទះ១៤៦ខ្នងដែលរងផលប៉ះពាល់ដួលរលំ និងរបើកដំបូលគឺមានចំនួន៣ឃុំ គឺមានឃុំត្រពាំងស្តៅ មានភូមិទួលក្រូច ស្វាយទន្ទឹម ស្វាយប៉ោ ត្រពាំងឈ្នាង ត្រពាំងស្គន់ចាស់ ត្រពាំងស្គន់ថ្មី ។ ឃុំអណ្តូងពោធិ៍ មានភូមិរោងស្នោរ២ខ្នងផ្ទះ និងឃុំកំពង់ត្រាច មាន១ខ្នងផ្ទះ គឺភូមិ ប្រម៉ាត់ប្រាំផងដែរ ។
លោកបានបន្តថា ចំពោះមនុស្សដែលរងរបួសមានឈ្មោះឡុង ចាន់ឌឿន ភេទ ស្រីអាយុ៥០ ឆ្នាំ នៅភូមិស្វាយប៉ោឃុំត្រពាំងស្ដៅ ត្រូវស័ង្កសីធ្លាក់ពីលើបណ្ដាលឲ្យដាច់សរសៃ កែងជើងខាងស្ដាំ និងរបួសជើងខាងឆ្វេង បច្ចុប្បន្នឈ្មោះខាងលើត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។
លោកបានថ្លែងអំណរគុណដល់បងៗកងកម្លាំងអាជ្ញាធរឃុំភូមិ និងយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយសម្រួល និងជួសជុលផ្ទះសម្បែងដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះផងដែរ ៕ យឹម សុថាន