ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់ ទំនងមានជំងឺកន្ត្រាក់ដៃ កន្រ្តាក់ជើង ស្លាប់នៅមុខចំណតរថយន្តទេសចរណ៍ក្រុមហ៊ុន ខាយណាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីនគរបាលម្នាក់តរូវបាន អ្នករួមដំណើរលើរថយន្តទេសចរណ៍នាំគ្នា ជួយសង្គ្រោះលើកចុះពីលើរថយន្តធ្វើចលនាដៃជើង ខណៈដែលមានសភាពកន្ត្រាក់ដៃ កន្រ្តាក់ជើង ហើយអកុសល ក៏ស្លាប់នាពេលនោះភ្លាម បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅត្រង់ចំណុចចំណតរថយន្តទេសចរណ៍ ក្រុមហ៊ុន ខាយណាម ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះឡុក ចាន់ចឿន អាយុ៤៩ ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិព្រែកខ្សាយ«ក» ឃុំព្រែកខ្សាយ«ក» ស្រុកពាមរ៍ ខេត្តព្រៃវែង ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះបានឡើងជិះលើរថយន្តក្រុងនៅក្រុងបាវិត ខណៈកំពុងស្រាប់តែឃើញបុរសខាងលើស្រាប់តែមានសភាពកន្ត្រាក់ដៃកន្រ្តាក់ជើង ប្រកាច់លើរថយន្តទើបបណ្ដាលឲ្យមានការភ្ញាក់ផ្អើលឃើញដូច្នេះ អ្នករួមដំណើរទាំងអស់បាននាំគ្នាជួយធ្វើចលនា និងជួយលើកចុះពីរថយន្ត ប៉ុន្តែអកុសលក៏បានផុតដង្ហើមស្លាប់តែម្តង ។

ក្រោយមកសាកសព ត្រូវបានកម្លាំងជំនាញ ធ្វើកោសល្យបច័យ និងរកចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖