ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងដកហូតថ្នាំញៀន១៩កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកលើកដែកធ្វើការចាប់ខ្លួន និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៩កញ្ចប់ ។ ករណីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង១១នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ពៅ វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ថ្មាតស្អុយ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ប្រើស ភេទប្រុស ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មុខរបរ ជនជាតិខ្មែរ មានទីលំនៅភូមិ ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន​១៩ កញ្ចប់តូច និងដែកកេះចំនួន៣ និងកញ្ចប់បារីម៉ាក MEVIUS ២ កញ្ចប់ ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ រហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងកើតហេតុ នគរបាលប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់ភ្នំ ភ្លាមនោះកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ រួច ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ពៅ វណ្ណះកំពង់ដេកអង្រឹង ដោយមានការសង្ស័យកម្លាំងបានឃាត់ខ្លួនសួរនាំ និងឆែកឆេរបានរកឃើញថ្នាំញៀន១២កញ្ចប់ នៅក្នុងកញ្ចប់បារីដែលជនសង្ស័យកាន់នៅនឹងដៃ បន្ទាប់មកបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានកាន់ថ្នាំញៀនឲ្យឈ្មោះ ប្រើស មានទីលំនៅចំណុចកើតហេតុ ដើម្បីលក់បន្ត ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច ភ្លាមនោះ សមត្ថកិច្ចក៏បន្តតាមចាប់មុខសញ្ញាឈ្មោះ ប្រើស ពេលទៅដល់ផ្ទះជនសង្ស័យ ក៏ឃើញជនសង្ស័យ និងបក្ខពួកនាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃខាងលិចភូមិបាត់ភ្លាមនោះ កម្លាំងបានដេញតាមពីក្រោយ​ រកឃើញថ្នាំញៀនដែលជនសង្ស័យទម្លាក់ចោល បានចំនួន៧កញ្ចប់តូចបន្ថែមទៀត ។ ករណីនេះផ្នែកជំនាញកំពង់ក៏សាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖