របររកស៊ីល្មើសច្បាប់មិនចេះតែអាចបានសុខស្រួលទៅកើតនោះទេ បើគ្មានខ្នងបង្អែក ។ ជាក់ស្តែងរបររកស៊ីទិញឈើខុសច្បាប់របស់ចែ ភក្តិ និងប្តី ដែលបោះទីតាំងនៅចំណុចផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ បើគ្មានអ្នកកាងទេនោះ គឺពិតជាមិនអាចដំណើរការប្រកបដោយជោគជ័យបានដល់សព្វថ្ងៃនេះឡើយ ។ មិនតែប៉ុណ្ណោះ បណ្តាជនណាដែលហ៊ានប្រកបរបររកស៊ី ដូចចែភក្តិ និងប្តី មុខជាត្រូវអ្នកកាងចាប់ដាក់គុកច្រវាក់មិនខានឡើយ ។ ដូច្នេះ នៅស្រុកភ្នំក្រវាញ គឺមានតែចែភក្តិ និងប្តី ទេ ដែលជាអ្នករកស៊ីផ្តាច់មុខ ក្នុងការទិញឈើពីប្រជាពលរដ្ឋ ។
ប្រភពបានឲ្យដឹងថា ខ្នងបង្អែករបស់ចែភក្តិ មិនមែនធម្មតានោះទេ ជួនកាលខ្នងនោះប្រើជនស៊ីវិលឲ្យចុះបង្ក្រាបបទល្មើសក៏បានដែរ ។ អ្នកភូមិក៏ដូចជាអ្នករកស៊ីដឹកឈើតាមម៉ូតូនិយាយថា ខេត្តពោធិ៍សាត់មិនធម្មតាទេ ពីព្រោះខ្នងបង្អែកមិនចូលចិត្តប្រើច្បាប់ទម្លាប់អ្វីឡើយ គឺប្រើឥទ្ធិល ហើយប្រើជនស៊ីវិលឲ្យទៅចាប់ឈើអ្នកនេះអ្នកនោះបានតាមចិត្ត ។ នៅតំបន់ព្រៃភ្នំនៃស្រុកភ្នំក្រវាញ គេមិននិយាយអំពីច្បាប់ទម្លាប់ដូចអ្នកស្រុកធម្មតាទេ ។ ហេតុដូច្នេះហើយបានជាចែ ភក្តិ និងក្រុមគ្រួសារ បើកទ្វារផ្ទះចំហរចាំទិញឈើប្រណីតគ្រប់ម៉ោងគ្រប់ពេល ដោយមិនញញើតនរណាឡើយ ។ រីឯពួកមន្ត្រីមេព្រៃម្តងម្កាលបានត្រឹមលូកដៃសុំលុយកាហ្វេ គុយទាវ ពីចែភក្តិប៉ុណ្ណោះ ពីព្រោះថា ខ្នងចែភក្តិ អាចដកពួកមេព្រៃកំប៉ិកកំប៉ុកនៅទីនោះបានដោយស្រួល ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនឈើយកមកលក់ឲ្យចែភក្តិជាច្រើននាក់ក្នុងមួយថ្ងៃៗ ពោលគឺនៅពេលរសៀល ម៉ូតូចាប់ផ្តើមចេញពីព្រៃ ហើយចែភក្តិ ចាប់ផ្តើមមមាញឹកក្នុងការទិញឈើដូចដែលពួកអ្នកនេសាទយកត្រីមកលក់ឲ្យម៉ូយដើម្បីបន្តទៅចែកចាយនៅតាមផ្សារយ៉ាងដូច្នោះ ។ បណ្តាជនណាដែលប្រកបរបររកស៊ីឈើដូចចែភក្តិ មុខជាត្រូវខ្នងបង្អែកចែភក្តិ ចាប់ដាក់គុកច្រវាក់គ្មានថ្ងៃចេញឡើយ ។ អ្នកភូមិនៅទីនោះនិយាយថា គ្មានទេភាពស្មើគ្នាក្នុងការប្រឡងប្រជែងនៃការរកស៊ី ប៉ុន្តែនរណាខ្នងក្រាស់ អ្នកនោះមានអំណាច គឺអាចរកស៊ីបានតាមចិត្ត ។ អ្នកភូមិនិយាយថា ខេត្តពោធិ៍សាត់គឺយ៉ាងដូច្នេះឯង ៕