ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គួរបង្កើតក្រុមការងារមើលអក្សរខ្មែរ ក្រោមក្រសែភ្នែកចិន

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ អាចនិយាយបានថាអភិរក្សអក្សរសាស្ត្រជាតិបន្តិចក៏បាន នៅគ្រាដែល​បច្ចុប្បន្ននេះ ស្លាកយីហោ​នានា​ ពេលដែលស្រុកទេសកំពុងអភិវឌ្ឍន៍មើលទៅដូចជាមិនឆ្គាំឆ្គងភ្នែកនោះទេ ប៉ុន្តែវាខុសទាំងស្រុង ពោលគឺមិនត្រូវតែម្តង ។ ខ្មែរច្រើន​ណាស់​ទាំងនៅខេត្តព្រះសីហនុ ក៏ដូចជា​នៅទីប្រជុំជនផ្សេងទៀត សុទ្ធតែប្រតិកម្ម​អំពីបញ្ហាអក្សរសាស្ត្រជាតិ ដែលមិនត្រូវបានយកចិត្តទុកដាក់ ផ្ទុយទៅវិញទុកវាឲ្យទៅតាមដំណើរ ហើយវាចេះតែរីកធំធាត់មិនឈប់ឈរ ។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តព្រះសីហនុ ដាច់បាយដាច់ទឹក ក្នុងយុទ្ធនាការ​ចុះ​រុះរើស្លាកយីហោ ដែលមិនត្រឹមត្រូវនេះ ។ អរគុណចំពោះកិច្ចខិតខំប្រឹងប្រែង​របស់អាជ្ញាធរខេត្តព្រះសីហនុ ។

ប៉ុន្តែសម្រាប់ខ្ញុំបាទ វាហាក់ដូចជាមិនទាន់គ្រប់គ្រាន់ទេ ដែល​អាជ្ញាធរ​ជំនាញ​ខិតខំ​ធ្វើការ​តែម្នាក់ឯងនោះ ។ តាមយោបល់ខ្ញុំបាទ ស្ថាប័នជាតិ ក៏គួរតែបង្កើត​គណៈកម្មការ ឬអន្តរក្រសួង ដើម្បី​ធ្វើការងារនេះ​នៅទូទាំងប្រទេស ។ ការផ្តោតតែទៅលើខេត្តព្រះសីហនុ ក៏មិនចំពោះនោះដែរ ពីព្រោះនៅឯតំបន់ផ្សេងទៀត ដូចជាក្រុងបាវិត ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ក៏មាន​ប៉ាណូអក្សរចិន សរសេរមិនត្រឹមត្រូវច្រើនកន្លែងណាស់ដែរ ។ ធ្វើកិច្ចការនេះដើម្បីបានជោគជ័យ​ត្រូវប្រើមនសិការអក្សរសាស្ត្រជាតិជាចម្បង ។ ពិតហើយ​ស្ថាប័នជំនាញ​នៃខេត្តព្រះសីហនុដាច់បាយដាច់ទឹក ព្រោះតែ​យូរៗម្តង ចំណាយពេលទៅរុះរើស្លាកសញ្ញា ដែល​សរសេរខុសទាំងនោះ ។ ប៉ុន្តែ​បើមានគណៈកម្មការមួយប្រចាំការ​ដើម្បីតាមមើល​បញ្ហានេះ នោះស្ថាប័នជំនាញរបស់ខេត្តព្រះសីហនុ​ប្រាកដជា​មិនធ្វើការ​រហូតដល់​«ដាច់បាយដាច់ទឹក» នោះឡើយ ។

ជួនកាល​ថ្នាក់ដឹកនាំក្រុង​ ឬខេត្តណាមួយ ដែលគាត់មានចំណេះដឹងខ្សោយ​ផ្នែកអក្សរសាស្ត្រជាតិ គាត់ប្រាកដជាមិនខ្វល់ និងមិនចាប់អារម្មណ៍ចំពោះស្លាកយីហោរបស់ក្រុមហ៊ុនចិនទាំងនោះទេ ។ ដូច្នេះបើមានគណៈកម្មការមួយ​អាចថា ចេញពីរាជ្យបណ្តិតសភា​កម្ពុជា សហការជាមួយ​ក្រសួងវប្បធម៌, ក្រសួងព័ត៌មាន និងអាជ្ញាធរដែនដីធ្វើកិច្ចការនេះ នោះគេអាច​នឹងមានភាពជាក់លាក់ និងប្រាកដប្រជាច្រើន ។ កិច្ចខិតខំប្រឹងប្រែងរួមមួយ មកពីថ្នាក់ជាតិ គឺត្រូវធ្វើសកម្មភាពរាល់ថ្ងៃដើម្បីឲ្យប្រាកដថា គ្មានកន្លែងខុសឆ្គងទៀតទេ ឬក៏ថា បើឃើញខុសភ្លាម កែចេញភ្លាម កុំទុកឲ្យរ៉ាំរ៉ៃ ឬគរច្រើនពេក ដូចដែល​ស្ថាប័នជំនាញខេត្តព្រះសីហនុ ទើបតែចុះធ្វើការងារ​នៅពេលដែលកំហុសមានច្រើនកន្លែងហើយនោះ វាប្រាកដជា«ដាច់បាយដាច់ទឹក
» យ៉ាងដូច្នោះឯង ។

វិធានការជាក់លាក់​ ការអូសក្បួនគម្ពីរដាក់តាមខ្លួន ដើម្បីឲ្យក្រុមជនជាតិចិនអនុវត្ត គេជឿថា មិនខុសឆ្គងទេ ។ បណ្តា​ជនជាតិចិន ដែល​មករកស៊ីនៅស្រុកខ្មែរ មិនប្រាថ្នាតាំងខ្លួន​ដើម្បីប្រឆាំង​នឹងច្បាប់ទម្លាប់ស្រុកទេសខ្មែរនោះដែរ​។ ការគ្រាន់តែកែតម្រូវប៉ាយ ប៉ាណូ ពាណិជ្ជកម្ម ស្លាកយីយោនៅមុខទីកន្លែងរកស៊ីរបស់ខ្លួន ពួកចិនទាំងនោះទំនងជាមិនប្រឆាំងនឹងច្បាប់ខ្មែរឡើយ ។ ប៉ុន្តែមួយរយៈកន្លង​មកនេះ គឺអាជ្ញាធរខ្មែរ ដែល​មិនបានយកចិត្តទុកដាក់ ទើបបណ្តាលឲ្យបញ្ហានេះចេះតែរីករាលដាល ហើយទម្រាំតែចំណាយពេល​មកធ្វើ​កិច្ចការនេះ វាប្រាកដជា ត្រូវ​«ដាច់បាយដាច់ទឹក» យ៉ាងដូច្នោះឯង ។ យ៉ាងណាក៏ដោយ គេរំពឹងថា អាជ្ញាធរជំនាញ​ថ្នាក់ខេត្ត នឹងបន្តការងារ​ដោយមិនរង់ចាំ​ឲ្យបញ្ហាគរច្រើន ទើប​ចុះទៅ​ធ្វើនោះទេ ។ បើមិនបានចំណាយពេលមើលតាមផ្លូវ ចំណាយពេលមើលហ្វេសប៊ុក ក៏អាចដឹងរឿងចិនសរសេរអក្សរខ្មែរខុសនេះខ្លះដែរ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖