ខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត បានឃើញជាក់ស្តែងនឹងភ្នែកនិងដឹងថា ភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ត្រូវគេជីកកកាយយកអាចម៍ដី និងថ្មធ្វើជាអាជីវកម្ម ស្ទើរតែបាត់រូបរាងទៅហើយ ដែលនេះពិតជាមានចិត្តសង្វេគខ្លាំងបំផុត ព្រោះភ្នំនេះបានបន្សល់ទុកតាំងពីដូនតាមករាប់ពាន់ឆ្នាំមកហើយ។ ខ្ញុំមិនដឹងថា ក្រុមអ្នកធ្វើអាជីវកម្មមានអាជ្ញាប័ណ្ណ ឬគ្មាននោះឡើយ គ្រាដែលក្រុមហ៊ុនឯកជនមួយកំពុងធ្វើសកម្មភាបជីកកាយអាចម៍ដីនិងថ្មយកទៅលក់យ៉ាងរលូនបែបនេះ ។
ខ្ញុំកត់សម្គាល់ថា ភ្នំដែលកំពុងរងការជីកកាយយកអាចម៍ដី និងថ្មយ៉ាងពេញបន្ទុកនោះ ភាគច្រើនគឺនៅមិនឆ្ងាយពីទីប្រជុំជនខេត្តកំពតនោះឡើយ ដូចជាភ្នំជប់ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងភ្នំត្នោត ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតជាដើម។ ក្រៅពីភ្នំដែលបានបង្ហាញខាងលើ ខ្ញុំមានការចាប់អារម្មណ៍ភ្នំមួយទៀតដែលគេកំពុងធ្វើអាជីវកម្មយកអាចម៍ដីដឹកជញ្ជូនលក់យ៉ាងរំភើយគ្មានអ្នកណាជួយគិតគូរគឺភ្នំកកេះប៉ែកខាងត្បូង ដោយនេះស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ភ្នំកកេះត្រូវបានគេយកគ្រឿងចក្រមកជីកកកាយស្ទើររលាយទៅហើយ ប៉ុន្តែហាក់មិនដែលឃើញផ្នែកជំនាញណាម្នាក់ចុះទៅត្រួតពិនិត្យនោះទេ ។ ម្យ៉ាងទៀតក្រុមរថយន្តដឹកជញ្ជូនអាចម៍ដីបានឈូសគាស់កាយយកដីនិងថ្មស្ទើរអស់មួយចំហៀងភ្នំទៅហើយ ព្រមទាំងបានបង្កហានិភ័យដល់ពលរដ្ឋរស់នៅក្បែរភូមិសាស្ត្រនោះដូចជាការបង្ហុយធូលីដីមានសភាពហុយទ្រលោមចាប់ពីព្រឹកដល់ល្ងាចធ្វឲ្យលំបាកក្នុងការហូបចុកដេកនៅមិនបានទេ ។ ខ្ញុំឆ្ងល់ថា គេធ្វើអាជីវកម្មនៅភ្នំទាំងនេះ តើមានអាជ្ញាប័ណ្ណអនុញ្ញាតសម្រាប់ឱ្យធ្វើអាជីវកម្មឬទេ បើមានមែនតើមានដែនកំណត់ដែរឬទេ? ចំណែកនៅភ្នំជប់និងភ្នំត្នោតមានការដ្ឋានចំនួន៣កន្លែង គឺការដ្ឋានដឹកដីមួយកន្លែងនិងការដ្ឋានបំផ្ទុះយកថ្មពីរកន្លែង ប៉ុន្តែខ្ញុំមិនដឹងជាក្រុមហ៊ុនណាខ្លះទេ ដោយការដ្ឋានទាំងបីនេះបាននិងកំពុងតែធ្វើសកម្មភាពជីកកាយយកអាចម៍ដី និងថ្ម ជារៀងរាល់ថ្ងៃចង់រលាយភ្នំទៅហើយ។ សូមអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធជួយបញ្ជាក់ប្រាប់ឲ្យប្រជាពលរដ្ឋបានជ្រាបផង ព្រោះសព្វថ្ងៃនេះភ្នំទាំង៣ ត្រូវ ឈ្មួញកាយដីលក់ស្ទើរបាត់រូបរាងអស់ហើយ។ចំណែកប្រជាពលរដ្ឋវិញបានត្រឹមទទួលស្រូបយកបរិស្ថាន
នៃការរស់នៅអាក្រក់ពីការដឹកជញ្ជូនអាចម៍ដីនិងថ្មដោយធូលីហុយព្រឹកល្ងាចរបស់ក្រុមឈ្មួញតែប៉ុណ្ណោះ ៕ ពីប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត