ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ទើបចែភក្តិ និងប្តីឈរជើងនឹងថ្កល់​នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

របររកស៊ីល្មើសច្បាប់​មិនចេះតែអាច​​បានសុខស្រួលទៅកើត​នោះទេ បើគ្មានខ្នងបង្អែក ។ ជាក់ស្តែង​របររកស៊ី​ទិញឈើ​ខុសច្បាប់របស់​ចែ ភក្តិ និងប្តី ដែលបោះទីតាំងនៅ​ចំណុច​ផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ បើគ្មាន​អ្នកកាង​ទេនោះ គឺពិតជា​មិនអាចដំណើរការប្រកបដោយជោគជ័យបានដល់សព្វថ្ងៃនេះឡើយ ។ មិនតែប៉ុណ្ណោះ បណ្តាជនណា​ដែលហ៊ានប្រកបរបររកស៊ី ដូច​ចែ​ភក្តិ និងប្តី មុខជាត្រូវអ្នកកាង​ចាប់​ដាក់គុកច្រវាក់​មិនខានឡើយ ។ ដូច្នេះ នៅស្រុកភ្នំក្រវាញ គឺមានតែ​ចែភក្តិ និងប្តី ទេ ដែលជាអ្នករកស៊ី​ផ្តាច់​មុខ ក្នុងការទិញឈើពីប្រជាពលរដ្ឋ ។

ប្រភពបានឲ្យដឹងថា ខ្នងបង្អែករបស់ចែភក្តិ មិនមែនធម្មតានោះទេ ជួនកាលខ្នងនោះប្រើជនស៊ីវិលឲ្យចុះបង្ក្រាបបទល្មើស​ក៏បាន​ដែរ ។ អ្នកភូមិ​ក៏ដូចជាអ្នករកស៊ីដឹកឈើតាមម៉ូតូនិយាយថា ខេត្តពោធិ៍សាត់មិនធម្មតាទេ ពីព្រោះខ្នងបង្អែក​មិនចូលចិត្តប្រើច្បាប់ទម្លាប់អ្វី​ឡើយ គឺប្រើឥទ្ធិល​ ហើយប្រើជនស៊ីវិលឲ្យទៅចាប់ឈើអ្នកនេះអ្នកនោះបានតាមចិត្ត ។ នៅតំបន់ព្រៃភ្នំនៃស្រុកភ្នំក្រវាញ គេមិននិយាយអំពី​ច្បាប់ទម្លាប់​ដូចអ្នកស្រុកធម្មតាទេ ។ ហេតុដូច្នេះហើយ​បានជាចែ ភក្តិ និងក្រុមគ្រួសារ បើកទ្វារផ្ទះចំហរចាំទិញឈើ​ប្រណីតគ្រប់ម៉ោងគ្រប់ពេល ដោយមិនញញើត​នរណាឡើយ ។ រីឯពួកមន្ត្រីមេព្រៃ​ម្តងម្កាល​បានត្រឹមលូកដៃសុំលុយកាហ្វេ គុយទាវ ពីចែភក្តិ​ប៉ុណ្ណោះ ពីព្រោះថា ខ្នងចែភក្តិ អាចដក​ពួកមេព្រៃកំប៉ិកកំប៉ុកនៅទីនោះបានដោយស្រួល ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនឈើយកមកលក់​ឲ្យចែភក្តិជាច្រើននាក់​ក្នុងមួយថ្ងៃៗ ពោលគឺ​នៅពេលរសៀល ម៉ូតូចាប់ផ្តើមចេញពីព្រៃ ហើយចែភក្តិ ចាប់ផ្តើមមមាញឹក​ក្នុងការទិញឈើ​ដូចដែលពួកអ្នកនេសាទ​យកត្រី​មកលក់​ឲ្យម៉ូយដើម្បី​បន្ត​ទៅចែកចាយនៅតាមផ្សារយ៉ាងដូច្នោះ ។ បណ្តាជនណាដែលប្រកបរបររកស៊ីឈើដូចចែភក្តិ មុខជាត្រូវខ្នងបង្អែកចែភក្តិ​ ចាប់ដាក់គុកច្រវាក់គ្មានថ្ងៃចេញឡើយ ។ អ្នកភូមិនៅទីនោះនិយាយថា គ្មានទេភាពស្មើគ្នា​ក្នុងការប្រឡងប្រជែង​នៃការរកស៊ី ប៉ុន្តែនរណា​ខ្នងក្រាស់ អ្នកនោះមានអំណាច គឺអាចរកស៊ីបានតាមចិត្ត ។ អ្នកភូមិនិយាយថា ខេត្តពោធិ៍សាត់គឺយ៉ាងដូច្នេះឯង ៕


ចែករំលែក៖