ព័ត៌មានទាន់ហេតុការណ៍៖

វង់ល្បែងស៊ីសង បញ្ជល់មាន់ និងអាប៉ោង របស់លោក ឆៃប៉ូវ បើកលេងឌឺអធិការនគរបាល ស្រុកអង្គរជុំ

ចែករំលែក៖

ខេត្តសៀមរាប ៖ ទីលានបញ្ជល់មាន់ និងអាប៉ោងកំពុងតែដំណើរលេងយ៉ាងរលូន ក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ាន់ សុខាត់ អធិការស្រុកអង្គរជុំ និងលោក មានរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអង្គរជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ជាទីតាំងមួយ ដែលរថយន្ដមិនអាចបើកចូលរួច ព្រោះផ្លូវចូលតូច មានតែម៉ូតូជាង៣០គ្រឿង ចំណែករថយន្ដគេចតទុកខាងក្រៅ ដោយមាន អ្នកកាងល្បែងម្នាក់ ឈ្មោះ ឆៃប៉ូវ អាយុ ជាង៤០ឆ្នាំ បាន និងកំពុងលេងយ៉ាងគគ្រឹកគគ្រេងស្រែកហ៊ោកញ្ជ្រៀវគ្មានខ្លាចញញើត អាជ្ញាធរ ឬសមត្ថកិច្ចណាឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរវង់ល្បែងបានឲ្យដឹងថា ពួកគេដំណើរការលេងមួយឆ្នាំមកហើយ មិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាបទេ ក្នុងនោះល្បែងស៊ីសងមានពីរប្រភេទ ៖ ទី១ បញ្ជល់មាន់ មានពីរវង់ ពួកគេលេង មាន់ខ្នាយ ធម្មតារបៀបបុរាណ គេមិនលេងខ្នាយដែកទេ ក្នុងមួយវង់ៗ មាន គ្នាជាង២០នាក់ ពួកគេស្រែកហ៊ោ ដេញលុយគ្នាចុះឡើងៗ តាមចំណង់ចិត្តរបស់ពួកគេ ។ ទី២ ល្បែងអាប៉ោង មានពីរវង់ដែរ ក្នុងមួយវង់ៗ មានគ្នាជាង២០នាក់ ពួកគេចាក់ក្រាស់ ឬ ស្ដើង ហើយអ៊ុត មេស៊ីសងប្រាក់យ៉ាងស្ងាត់របៀបសម្មាធិ អ្នកលេង អាប៉ោង គេតាំងស្មារតីឲ្យ និងនរ ដើម្បីស្ដាប់គ្រាប់អាប៉ោងដួលដើម្បីទាយក្រាស់ ឬស្ដើង មើលទៅមេអាប៉ោងមានលុយស៊ីសងម៉ាសេរីមិនខ្វះទេ មានទាំងប្រាក់ខ្មែរ ប្រាក់បាត និងប្រាក់ដុល្លារអាមេរិក គេលេងជាអាជីពជាអចិន្ត្រៃយ៍មួយអាទិត្យ លេងធំ នៅ ថ្ងៃ អង្គារ ។

ពាក់ព័ន្ធ នឹងការបើកទីលានល្បែងខាងលើនេះ លោក ឆៃ ប៉ូវ ដែលជាថៅកែ បនល្បែង បានប្រាប់ឲ្យដឹងថា បនល្បែងនេះ គ្មានការអនុញ្ញាតទេ ពេល ប៉ូលិស ឬប៉េអឹម មក យើងនាំគ្នារត់ មិនដឹងថា លោក ឆៃប៉ូវ និយាយកុហក ឬពិតនោះទេ ? តែបើ ប៉ូលិស ដឹងហើយមិនបង្រ្កាបនោះ វាពិតជាអសមត្ថភាពក្នុងការ ការពារ ភូមិ ឃុំ ឲ្យមានសេចក្ដីសុខ តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រដ្នាភិបាលហើយ គួរតែថ្នាក់លើ បើកការស៊ីបអង្កេត រកអ្នកមានសមត្ថភាពធ្វើការជំនួសវិញ ។

ចំណែក លោក ម៉ាន់ សុខាត់ អធិការស្រុកអង្គរជុំ និងលោក មាន រិទ្ធ មេបញ្ជាកងរាជអាវុធហត្ថ ស្រុកអង្គរជុំ ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៩ ភ្នាក់ងារព័ត៌មានព្យាយាមសុំការបំភ្លឺជុំវិញករណីរិះគន់ខាងលើ តែបែរជា លោកទាំង២មិនលើកទូរស័ព្ទ តែបើលើក គឺឲ្យមនុស្សស្រីជាអ្នកលើក រួចឆ្លើយមកថា ច្រឡំលេខហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖