ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខ នគរបាលបុករះម៉ូតូពីរគ្រឿង រងរបួសធ្ងន់ពីរនាក់ បន្តបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងប្រអប់ភ្លើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡេនឌ័រស្លាកលេខនគរបាលមួយគ្រឿង បើកបោះពួយយ៉ាងលឿន បុករះម៉ូតូពីរគ្រឿងបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម ប្រអប់ភ្លើងស្តុប និងបង្គោលភ្លើងស្តុបពីរដើម បណ្តាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ ចំណែករថយន្តបង្កខូតខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបច្រកចូលវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខនគរបាល2-5769ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាន់ណូយទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្គូតទៅបុករះម៉ូតូពីរគ្រឿងមួយគ្រឿង ម៉ាកហុងដា ឌ្រីម សង់ ស៊េរី ២០១៨ ពណ៌ខ្មៅស្លាកលេខ ដាច់បាត់បើកបរបុរសម្នាក់ និងម៉ូតូមួយ គ្រឿងទៀតម៉ាក ណៃហត ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1I-8405 បើកបរដោយបុរសម្នាក់ម៉ូតូទាំងពីរគ្រឿងបើក​ស្របទិសដៅគ្នាបណ្តាលឲ្យប៉ើងជាង៥០ម៉ែត្រ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ​ចំណែករថយន្តបង្ក បន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម បាក់រាបដល់ដី និងប្រអប់ភ្លើងស្តុប រួចទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍ពីរដើម បណ្តាលឲ្យទ្រេតរថយន្តបង្ក ផ្ទប់ជាប់ទៅមុខលែងរួច និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ បន្ទាប់មក ម្ចាស់រថយន្ត បង្កបានបានបើកទ្វាររថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖