ព័ត៌មានទាន់ហេតុការណ៍៖

បាត់ឈើគ្រញូងជាង៤តោន នៅក្នុងឃ្លាំងសាលាខេត្តឧត្ដរមានជ័យ តើនរណា? ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានការបែកធ្លាយមកថា ឈើគ្រញូងដែលបង្ក្រាបបានកាលពីលោក សរ ថាវី នៅជាអភិបាលខេត្តឧត្ដរមានជ័យ​ ចំនួនពីរថយន្ដស្ទែនយកទៅរក្សាទុកនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ នៅពេលនេះល្បីថា បាត់បង់អស់ចំនួន៩៦ដុំ ស្មើ និង៤១២៧ គីឡូក្រាមស្មើ និង៣.៤៣៩ម៉ែត្រគូប ។

ប្រភពបានបង្ហើបឲ្យដឹងថា កាបែកធ្លាយបាត់បង់ឈើគ្រញូងរាប់តោន នៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ​ នៅពេលដែលមានការផ្លាស់ប្ដូរ ទីតាំងរក្សាទុកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ពីទីតាំងចាស់សាលាខេត្ត ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ​ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ប្រភពបានបន្ដរថា មិនត្រឹមតែបាត់បង់ឈើឈើគ្រញូងជាងបួនតោនប៉ុណ្ណោះនោះទេ បូករួមទាំង មធ្យោបាយដឹកជញ្ជូនឈើគ្រញូងនោះទៀតផងគឺ ប្រភេទរថយន្ដ ស៊ីទែន ចំនួនពីរគ្រឿង ក៏បានបាត់ខ្លួនឈឹង តាំងតែទើបបង្ក្រាបបានថ្មីៗ ពោលគឺចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ។

លោក វ៉ាតប៉ារ៉ានីន​ អភិបាលរងខេត្តឧត្ដរមានជ័យបានឲ្យដឹងថា ចំពោះការបាត់បង់វត្ថុតាងឈើគ្រញូងខាងលើ​ គឺច្បាប់ជាអ្នកចាត់ការ ព្រោះការបង្ក្រាប រក្សាទុក និងផ្ទៀងផ្ទាត់ ផ្លាស់ប្ដូរទីតាំង សុទ្ធតែមានសាលក្រមរបស់តុលាការត្រឹមត្រូវ ។

រហូតមកដល់ពេលនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ល្អ ក្នុងការបាត់បង់វត្ថុតាងឈើគ្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងឃ្លាំងរក្សាទុកនៅក្នុងសាលាខេត្តឧត្ដរមានជ័យ បូករួមទាំងរថយន្ដស៊ីទែន ដែលជាមធ្យោបាយដឹកជញ្ជូនឈើគ្រញូងផង ។

សង្ឃឹមថា នឹងមានបុគ្គលណាម្នាក់ ចេញមុខទទួលខុសត្រូវចំពោះបញ្ហានេះ ៕ ប៉ែន​ នួន


ចែករំលែក៖