ព័ត៌មានទាន់ហេតុការណ៍៖

យកកណ្ដៀវលួចកាប់ប្អូនថ្លៃពីក្រោយស្លាប់ភ្លាមៗយ៉ាងរន្ធត់ រួចរត់គេចខ្លួន ទៅជាន់ខ្សែលួសឆក់កណ្ដុរបណ្ដាលឲ្យជនបង្កស្លាប់ខ្លួនឯងដែរ នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ ខណៈកំពុងអង្គុយចុចទូរស័ព្ទលេង ស្រាប់តែបុរសជាបងថ្លៃ បានយកកណ្ដៀវមកកាប់ពីក្រោយ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។ បន្ទាប់ពីជនសង្ស័យកាប់រួច បានរត់គេចខ្លួន ចៃដន្យ ខណៈដែលរត់គេចខ្លួននោះ ជនសង្ស័យបានជាន់ខ្សែលួសឆក់កណ្ដុររបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ខ្លួនឯងផងដែរ ។ ចំពោះករណីខាងលើនេះ គឺផ្ដើមចេញពីការច្រណែន ។ នេះបើតាមការបញ្ជាក់បឋមរបស់សម្ថកិច្ចជំនាញ ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ ហម សារេន ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាបងថ្លៃជនរងគ្រោះស្លាប់) ចំណែកជនរងគ្រោះរងគ្រោះឈ្មោះ ឡឹង លី អាយុ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (ត្រូវជាប្អូនថ្លៃជនសង្ស័យស្លាប់) ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងក្នុងផ្ទះ ចុចទូរស័ព្ទ ស្រាប់តែជនសង្ស័យជាបងថ្លៃបានកាន់កណ្ដៀវខ្វាង មកពីក្រោយរួចកាប់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ក្រោយពីជនសង្ស័យកាប់ជនរងគ្រោះរួច ភ្លាមនោះ ក៏រត់គេចខ្លួន តែចៃដន្យ ខណៈដែលរត់គេចខ្លួននោះ ស្រាប់តែជនសង្ស័យបានជាន់ខ្សែលួសឆក់កណ្ដុររបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ខ្លួនឯងផងដែរ ។

បន្ទាប់ពីលោកអនុសេនីយ៍ឯក ភន លឹមស្រ៊ាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោអធិបានទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏បន្តរាយការណ៍ទៅនគរបាលជំនាញស្រុក ដោយសហការជាមួយកម្លាំងនគរបាលជំនាញខេត្ត រួចពិនិត្យសាកសពជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយអំពើឃាតកម្មពិតប្រាកដមែន ។ ចំពោះការស្លាប់ខាងលើនេះ តាមការបញ្ជាក់បឋមរបស់សមត្ថកិច្ចជំនាញថា គឺផ្ដើមចេញពីការច្រណែន តែពុំទាន់បញ្ជាក់បាននោះទេថា ច្រណែនមកពីមូលហេតុអ្វីទេ ។

ករណីនេះ កម្លាំងជំនាញកំពុងបន្តពិនិត្យ ស្រាវជ្រាវ និងការសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញ ប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖