ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ លួចគេហើយថាមិនមែនចោរទៀត !

ចែករំលែក៖

ហាស់ ហាៗៗៗ … នាយជាលសុំសើចបន្តិចចុះនូវចំណាត់ការចំពោះមន្រ្តីប៉ូលិសពាក់ស័ក្តិ៣​ម្នាក់ដែលលួចអាយផេតគេល្បីពេញហ្វេសប៊ុក ហើយបែរជាឆ្លើយថា «ច្រឡំ» ធ្វើឲ្យថ្នាក់លើស​ម្រាល​​ទោស​ស្រាល​ដូចសំឡី និងបកស្រាយខុសទំនង ដែលនេះមិនខុសអីនឹងពាក្យចាស់ថា «និយាយ​រាក់កំភែលដូចក្តិតលោកនេន» នោះឡើយ។

នាយជាលមិនមែនចង់គាស់វាស់ប្រវែងក្នុងរឿងនេះទេ តែបើមិននិយាយ វាហាក់ដូចជា នៅសង្គម​មួយនេះងងឹតពេកហើយ ។ ខ្ញុំចង់ឲ្យអស់លោកជួយពិចារណាទាំងអស់គ្នាក្នុង កាមេរ៉ាសុវត្ថិភាព ស្តីពីសកម្មភាពលោកប៉ូលិសពាក់ស័ក្តិ៣ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ ដែលចូល លួចអាយផេតគេហើយ បែរជាឆ្លើយដោះសាររបៀប ច្រឡំ តើទំនងទេ ? តាមរយៈកាមេរ៉ាសុវត្ថិភាពនេះគេឃើញតាំងពីដំបូង លោកប៉ូលិសម្នាក់នេះចូលទៅក្នុងផ្ទះវីង មានភាពក្រឡេងក្រឡឺមដូចចោរ រហូតលូកដៃយកអាយផេតរបស់ម្ចាស់ផ្ទះទៅបាត់ទាំង​ខ្លួនគ្មានកាន់​​អាយភេតមកជាមួយផង តើរឿងអីថាច្រឡំ? អាចថាច្រឡំបានល្គឹកណាគាត់​កាន់អាយផេត​របស់គាត់ស្រដៀងអាយផេតម្ចាស់ផ្ទះនោះ តែនេះគ្មានសោះ ។

នាយជាលសុំឲ្យជួយពិចារណាទៀតថា រាល់ការបកស្រាយបែបយករួចខ្លួននិង​ស្តារការ​អា​ម៉ាស់​ស្តារកិត្តិយសក្នុងគ្រួសារ ក្នុងចំណុចទី២ថា បន្ទាប់ពីច្រឡំយកអាយផេត ម្តាយរបស់ប៉ូ លិសនេះបានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះវិញ សួរថា តើគាត់បានលេខទូរស័ព្ទម្ចាស់ផ្ទះពីណា? បើថាច្រឡំមែន សាមីខ្លួនម៉េចមិនទូរស័ព្ទសុំទោសផ្ទាល់ បែរជាឲ្យម្តាយជំនួសទៅវិញ ?

នៅចំណុចទី២ គេអះអាងថាស្ថានភាពក្នុងគ្រួសារលោកប៉ូលិសនេះធូរធារ ជិះសុទ្ធតែរថយន្ត​ទំនើប Ranger Rover មិនអាចប្រព្រឹត្តអំពើចោរកម្មបានទេ សួរថា ឲ្យតែអ្នកក្រសុទ្ធតែចោរ ហើយអ្នកមានមិនអាចធ្វើចោរបានទេឬ ? តើដែលឃើញអ្នកមានម៉ូតូល្អ ឬមានរថយន្ត​ទំនើប​ៗជិះ ធ្វើចោរឆក់ ចោរលួច ចោរប្លន់ទេ ? អ្នកជិះឡិចស៊ីស ៥៧០​ឬរថយន្តទំនើបផ្សេងៗ សុទ្ធតែមិនអាចធ្វើចោរ​បានទេឬ?

រីឯត្រង់ចំណុចទី៣ ម្តាយរបស់ប៉ូលិសម្នាក់នេះអះអាងថា កូនរបស់គាត់អាចមានបញ្ហាខួរ​ក្បាល សួរ​ថា ឯណាសំបុត្របញ្ជាក់ជំងឺសរសៃប្រសាទរបស់គ្រូពេទ្យ? បើគាត់មានបញ្ហាខួរ​ក្បាល មែនហេតុអីបណ្តោយឲ្យកាន់អាវុធ ឬបើករថយន្ត ? មិនខ្លាចបាញ់ ឬបើកបុកគេឯង​ទេឬ? ឬមួយអាងបង្កហេតុហើយសុំទោស ឬច្រឡំដូចករណីនេះ ?

នាយជាល សូមឲ្យជួយពិចារណាទៀតថា ចោរលួចពោត លួចមាន់សោះ ពេលគេចាប់បានវ៉ៃ ដាក់គុកដាក់ច្រវាក់ប្រឈមមុខច្បាប់ ចុះប៉ូលិសម្នាក់នេះដែលគេចាត់ទុកជាមន្ត្រីយុត្តិធម៌ គួរ តែមានតួនាទីជាអ្នកបង្ក្រាបចោរ បែរជាមកធ្វើចោរទៅវិញតើសមមុខទេ? តើគួរឲ្យខូចពូជ​ប៉ូលិស​ល្អៗឯទៀតទេ ?

និយាយដល់រឿងនេះធ្វើឲ្យនាយជាលនឹកឃើញចម្រៀងមួយបទរបស់លោក ស៊ិន ស៊ីសាមុត និងលោក មាស សាម៉ន គឺបទ« អាចារ្យបាំងឈើ» ដែលមួយឃ្លានោះលោកមាស សាម៉ន​ច្រៀងថា« នែវើយអញ មិនមែនចោរទេ! » ឯលោកស៊ិន ស៊ីសាមុត តបវិញថា «លួចគេថា​មិន​មែនចោរទៀត…»។ ដូច្នេះនិយមន័យរបស់ចម្រៀងនេះមិនខុស​នឹងរឿង​លោកប៉ូលិសលួច​អាយផេតនេះទេ… ហាស់ ហា ចោរហើយថាមិនមែនចោរទៀត យ៉ាប់ណាស់លោក​ប៉ូលិស​ស័ក្តិ៣អើយ ! ៕ នាយជាល


ចែករំលែក៖