ព័ត៌មានទាន់ហេតុការណ៍៖

ទុករថយន្តមុខផ្ទះ ត្រូវជនសង្ស័យលួចទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ដែលម្ចាស់ទុកនៅមុខផ្ទះហើយចូលទៅសម្រាកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យមកលួចយកទៅបាត់បង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៩ ​នៅ​​ចំណុច​មុខ​ផ្ទះជនរងគ្រោះ​ ​ស្ថិត​ក្នុង​​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះឈ្មោះ ហួរ បុរី ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ រស់នៅ​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទំពូង ឃុំ​ក​ញ្ចំ​ ស្រុក​ពារាំង ខេត្តព្រៃវែង ។ រថយន្ត​​​ដែល​បាត់​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ស៊េរី​​ឆ្នាំ​២០០២​ ពាក់​ស្លាក​លេខ ភ្នំពេញ ​២AP- ៩៣៥៤​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ជាម្ចាស់​រថយន្ត​បាន​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ​កាលពី​​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​​៤ មិថុនា គាត់​បាន​យក​រថយន្ត​​ខាងលើ​​ទៅ​ចត​ទុក​នៅ​​ខាងមុខ​ផ្ទះ​របស់​គាត់​ដូច​សព្វដង លុះ​នៅ​វេលា​ម៉ោង​១១​និ​ង​៣០​នាទី​យប់​ថ្ងៃ​ដដែល គាត់​បានឃើញ​រថយន្ត​នៅឡើយ​ទេ ។ បន្ទាប់​មកគាត់​ក៏​បាន​ចូល​ទៅ​ដេក ក្នុងផ្ទះ​បាត់​ ។ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ ពេល​​គាត់​ភ្ញាក់​ដឹង​ខ្លួន បាន​ចេញ​មក​មើល​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ ​ស្រាប់តែ​បាត់​បង្ក​ការ​ផ្អើលឆោឡោតែ​ម្ដង ​​ហើយ​​គាត់​​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

តាមប្រភពពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ គាត់​មិន​ដែល​ចាក់​សាំង​ពេញ​នោះ​ទេ តែដោយសារ​ថ្ងៃ​ស្អែក ​ត្រូវ​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរទៅ​​តាម​ខេត្ត ​ទើប​គាត់​បាន​ចាក់​សាំង​​ពេញ​រថយន្ត ដើម្បី​ត្រៀមដឹកភ្ញៀវ ស្រាប់តែ​ត្រូវជនសង្ស័យលួចយករថយន្ត​ទៅបាត់​តែម្តង​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​រថយន្ត​របស់​គាត់​ផង​ដែរ ៕ សុខាសែនជ័យ


ចែករំលែក៖