ព័ត៌មានទាន់ហេតុការណ៍៖

“សង្រ្គាមនំបញ្ចុក” នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មិនមែនជាសង្រ្គាមស៊ីវិល ហើយក៏មិនមែនជាសង្រ្គាមផ្កាយដែរ តែជាសង្រ្គាមមួយដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល នោះគឺ “សង្រ្គាមនំបញ្ចុក” ដែលទើបចាប់ផ្តើមប្រយុទ្ធគ្នារវាងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រឆាំងដ៏ធំមួយដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ។

បន្ទាប់ពីសកម្មភាពនានារបស់គណបក្សសង្គ្រោះជាតិ (គសជ) ត្រូវបានគេហាមឃាត់ មេដឹកនាំរបស់គណបក្សមួយនេះបានព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យសកម្មភាពគណបក្សអាចរស់ឡើងវិញ ជាពិសេសក្នុងជួរសមាជិករបស់ខ្លួននៅក្នុងប្រទេស។

កញ្ញា រ៉ូ ហ្សិត អ្នកស្រុកបាត់ដំបង និងជាសកម្មជនរបស់ គសជ បានចាប់ផ្តើមរបររកស៊ីដ៏សាមញ្ញមួយដោយការលក់នំបញ្ចុក។ នំបញ្ចុកនេះហើយបានធ្វើឲ្យគណបក្សសង្រ្គោះជាតិចាប់ផ្តើមធ្វើជាដើមទុនរកស៊ីនយោបាយបែបថ្មីដើម្បីអាចតថ្លៃជាមួយគណបក្សប្រជាជន ព្រោះការញ៊ាំនំបញ្ចុកពិភាក្សាបញ្ហានយោបាយបានរាលដាលពីភូមិមួយទៅភូមិមួយទៀតនៅស្ទើរទូទាំងប្រទេស រហូតនាំទៅដល់ការកោះហៅសកម្មជនគណបក្សប្រឆាំងជាច្រើនរូបដើម្បីសាកសួរពីបទរំលោភច្បាប់ដែលបានហាមឃាត់ពួកគេមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថានៅអំឡុងពេលបីសបា្តហ៍ក្នុងខែឧសភា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង៦០នាក់ ត្រូវបានកោះហៅដើម្បីសាកសួរដោយសារតែ “ញ៊ាំនំបញ្ចុក” ។

យុទ្ធសាស្រ្ត “ញ៊ាំនំបញ្ចុក” របស់គណបក្សប្រឆាំងនៅកម្ពុជាត្រូវបានគេប្រៀបធៀបទៅនឹងរឿងព្រេងនិទានដ៏ល្បីល្បាញមួយទាក់ទងនឹងប្រវត្តិសាស្រ្តចិននៅសតវត្សទី១៣ ក្នុងសម័យរាជវង្ស យួន ដែលរងនូវការឈ្លានពាននិងគ្រប់គ្រងដោយម៉ុងហ្គោលី រហូតធ្វើឲ្យជនជាតិ ហាន សម្រេចចិត្តរៀបចំផែនការបះបោរ។

ដោយសារតែការប្រមូលផ្ដុំត្រូវបានគេហាមឃាត់នៅពេលនោះ មេដឹកនាំឧទ្ទាម ហ្ស៊ូ យួនហ្សាង បានរកមធ្យោបាយចែកចាយនំលោកខែដល់ពលរដ្ឋចិនទាំងអស់ ហើយនៅក្នុងនំនោះមានក្រដាសមួយសន្លឹកសរសេរថា “សម្លាប់ពួកម៉ុងហ្គោលីនៅថ្ងៃទី១៥ នៃខែទី៨” ។ ការបះបោរនោះបានទទួលជោគជ័យ ហើយ ហ្ស៊ូ ក៏បានបង្កើតរាជវង្ស ម៉េង បន្តមក។

សម្តេច ហ៊ុន សែន ដែលត្រូវបានគេឲ្យរហ័សនាមថាជា “បុរសខ្លាំងនៅកម្ពុជា” បានប្រើយុទ្ធសាស្រ្ត “ច្រេះស៊ីដែក” ដោយបំប្លែងពីចលនាកៀងគរជាក្រុមតូចៗរបស់គណបក្សប្រឆាំងមកជាចលនាមហាជនទូទាំងប្រទេស ជាវិធីសាស្រ្តមួយដើម្បីឱ្យប្រជាជនបង្ហាញនូវសាមគ្គីភាពនិងយកប្រៀបលើគណបក្សសង្គ្រោះជាតិ ហើយបានអំពាវនាវយកថ្ងៃទី៩ ខែមិថុនាជាថ្ងៃនៃ “សាមគ្គីភាពនិងឯកភាពជាតិ” ជំនួសឱ្យថ្ងៃនៃ “ការបែកបាក់ក្នុងសង្គម” ។ យុទ្ធសាស្ត្រនេះត្រូវបានលោកដាក់រហ័សនាមថា “ប្រើញញួរដើម្បីវាយទៅលើក្បាលដែកគោលឲ្យលិច” ។

សង្រ្គាមនំបញ្ចុក មិនអាចចប់ត្រឹមនេះទេ ព្រោះវាអាចរាលដាលទៅដល់អ្នករកស៊ីរបរនំបញ្ចុកនៅនគរខ្មែរ អាចធ្វើឲ្យពួកគាត់មានហាងឆេងខ្ពស់ជាងមុន ត្រូវប៉ាន់ជាងមុន ធូរធារជាងមុន តែមិនប្រាកដថាអាចប្រកួតប្រជែងជាមួយគុយទាវបាននោះឡើយ បើទោះបីជានំបញ្ចុកថោកជាងគុយទាវដល់ទៅបីដងក៏ដោយ។

សម្រាប់ជាតិខ្មែរ សង្រ្គាមនំបញ្ចុក អាចនាំផលប្រយោជន៍ដល់កម្ពុជាទៅវិញទេបើសិនជាធ្វើត្រូវ ព្រោះក្នុងលោកនេះ ពិភពលោកពិបាកជឿថាទឹកហូរអាចត្រឡប់វិញបាន តែទឹកទន្លេនៅកម្ពុជាបានហូរត្រឡប់រាប់ជំនាន់ទៅហើយ ដូចនេះការប្រេះឆានយោបាយក៏អាចប្រែទៅជាសញ្ញារួបរួមជាតិដោយការអង្គុយញ៊ាំនំបញ្ចុកជាមួយគ្នាវិញ។ លើសពីនេះ ខ្មែរអាចស្នើបញ្ជូលនំបញ្ចុកទៅជា “សម្បត្តិវប្បធម៌អរូបិយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូពិភពលោក” ហើយក៏អាចប្រែក្លាយសម្បត្តិមួយនេះធ្វើការទាក់ទាញភ្ញៀវទេសចរបរទេសមិនតិចជាង៦លាននាក់ក្នុងមួយឆ្នាំឲ្យបែរមកញ៊ាំនំបញ្ចុកខ្មែរជំនួសឲ្យគុយទាវរបស់ចិន ញ៊ាំនំបញ្ចុកខ្មែរជំនួសឲ្យហ្វឺរបស់វៀតណាម និងញ៊ាំនំបញ្ចុកខ្មែរជំនួសឲ្យផាត់ថៃរបស់សៀម។

ពាក្យថា “សង្គ្រាម” ត្រូវបានគេឱ្យនិយមន័យមួយបែបថា នៅពេលមានជម្លោះកើតឡើង ហើយនាំទៅដល់ការស្លាប់ឬរបួសមនុស្សចាប់ពីមួយពាន់នាក់ទៅ នោះហើយជាសង្គ្រាម ដោយឡែកសង្រ្គាមនំបញ្ចុកនៅកម្ពុជាទោះជាមិនបណ្តាលឱ្យមនុស្សស្លាប់ឬរបួស តែជាព្រឹត្តិការណ៍នឹងធ្វើឱ្យកក្រើកនិងចម្ងល់ដល់ពិភពលោក ព្រោះមនុស្សរាប់លាននាក់នឹងនាំគ្នាញ៊ាំនំបញ្ចុកក្នុងថ្ងៃតែមួយ ពេលនោះហើយដែលកម្ពុជានឹងជាប់ឈ្មោះលើសៀវភៅ Guinness Book ថែមមួយទៀត ។

យោងតាមកំណត់ត្រារបស់ខ្ញុំ លោក អេង រ៉ូឡង់ ជាអតីតឯកអគ្គរាជទូតខ្មែរមួយរូបដែលបានបង្កើតវប្បធម៌ការទូតនំបញ្ចុក (Noodle Diplomacy) ដ៏ភ្ញាក់ផ្អើលនៅអំឡុងពេលលោកបំពេញបេសកមកម្មការងារការទូតនៅ Washington សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៩ ដល់ ២០០៥៕

ដោយ៖ លោក (ពុយ គា ) ទីភ្នាក់ងារក្យូដូនៅកម្ពុជា


ចែករំលែក៖