ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចរាចរ ស្ទួចរថយន្តជនជាតិចិន​មួយក្រុម ក្រោយបើករថយន្តល្មើសច្បាប់ចរាចរ ឃាត់មិនចុះពីលើរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន​មួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿងល្មើសច្បាប់ចរាចរត្រូវបាន សមត្ថកិច្ចចរាចរ​ឃាត់ ដើម្បីអប់រំ ស្រាប់តែជនជាតិចិនទាំងនោះ មិនព្រម​ឈប់បានបើករថយន្ត​ទៅមុខ ថែមទាំងបើកកៀរ​សមត្ថកិច្ចទៀតផង តែសំណាងល្អសមត្ថកិច្ចមិនមានអ្នករងរបួស ហើយត្រូវបានសមត្ថកិច្ចឃាត់បានហៅមិនព្រមចុះពីរថយន្ត ត្រូវសមត្ថកិច្ចហៅរថយន្តស្ទួចមកស្ទួចទាំងរថយន្ត និង​ជនជាតិចិនទាំងនោះ យកទៅការិយាល័យចរាចរក្រុង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងែទី៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចចរាចរ​ក្រុង ដែលដាក់គោលដៅស្តុបផ្លូវត្រសក់ផ្អែម បានឲ្យ​ដឹងថា មុនពេលកើតហេតុ គឺមាន​បុរស​ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM.2666 និងអ្នករួមដំណើរចំនួន៥នាក់ បានបើកបញ្រ្ចាសទិសដៅចរាចរ តាមបណ្ដាលផ្លូវនរោត្ត​ម ហើយសមត្ថកិច្ច ​បានឃាត់ឲ្យ​ចូលអែបកៀន ស្រាប់តែជនជាតិចិននោះ មិនបើកអែបកៀនទេ ថែមទាំងបើកកៀ​សមត្ថកិច្ច រួចបន្តបើទៅមុខទៀត ។

សមត្ថកិច្ច បន្តថា ឃើញដូច្នេះ សមត្ថកិច្ចបាន​ជិះម៉ូតូដេញតាម​ពីក្រោយ លុះមកដល់ស្តុបត្រសក់ផ្អែម សមត្ថកិច្ចស្រែកឲ្យឈប់ ជនជាតិចិននោះ ក៏​មិនឈប់ ទើបសមត្ថកិច្ចសម្រេចចិត្តឈប់​ម៉ូតូពីមុខរថយន្ត កុំឲ្យបើកទៅមុខបន្ត ហើយប្រាប់ឲ្យចុះមកតែមិនចុះទៀត ថែមទាំងដកទូរស័ព្ទថតសមត្ថកិច្ចទៀត ហើយសមត្ថកិច្ចព្យាយាមសម្រួលឲ្យពួកគេចុះ ដើម្បីអប់រំអស់រយៈពេលជិត២ម៉ោង ជនជាតិចិនទាំងនោះមិនព្រមចុះទៀត ទើបសមត្ថកិច្ចហៅរថយន្តស្ទួចមកស្ទួចទាំងរថយន្ត និង​ជនជាតិចិនទាំងនោះ យកទៅការិយាល័យចរាចរក្រុង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖