លោកពូទីន បញ្ជាក់ថា វិបត្តិនៅវេណេហ្ស៊ុយអេឡា ទុកឲ្យពលរដ្ឋវេណេហ្ស៊ុយអេឡាជាអ្នកដោះស្រាយ ។ លោកពូទីន បន្តទៀតថា«តាមរយៈកិច្ចពិភាក្សា ប្រឹក្សា និងសហប្រតិបត្តិការ រវាងកម្លាំង នយោបាយនៅក្នុងប្រទេស ពលរដ្ឋវេណេហ្ស៊ុយអេឡាជាអ្នករៀបចំ ថា តើលោក ប្រធានាធិបតីម៉ាឌូរ៉ូ បន្តដឹកនាំប្រទេសទៀត ឬមួយចាកចេញ។ អាមេរិក គ្មានសមត្ថកិច្ចក្នុងរឿងនោះឡើយ»។
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានព្រមានថា រុស្ស៊ីគ្មានបំណងបញ្ជូនទាហាន ឬ បង្កើតទីតាំងយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះឡើយ ។ ចំណែកអាមេរិកវិញ ក៏មិនត្រូវបញ្ជូនទាហានទៅកាន់ទីនោះដែរ ។
មានប្រសាសន៍នៅក្នុងទីក្រុង St. Petersburg កាលពីថ្ងៃទី៦ ខែមិថុនា ប្រធានាធិបតីពូទីនបានព្រមានថា សកម្មភាពយោធារបស់អាមេរិកនៅវេណេហ្ស៊ុយអេឡា គឺជាសោកនាដកម្ម ហើយប្រទេសជាសម្ពន្ធមិត្តអាមេរិក ក៏មិនត្រូវគាំទ្រ អាមេរិកប្រើប្រាស់យោធានៅវេណេហ្ស៊ុយអេឡាដែរ ។
ប្រធានាធិបតី ពូទីន បានលើកឡើងថា កន្លងមករុស្ស៊ីបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់វេណេហ្ស៊ុយអេឡានោះ គឺដើម្បីជួសជុលអាវុធដែលរុស្ស៊ីបានលក់ទៅឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ។
លោក ពូទីន បានបញ្ជាក់ថា «យើងមិនសាងសង់ទីតាំងយោធានៅវេណេហ្ស៊ុយអេឡាឡើយ ហើយយើងក៏មិនបញ្ជូនទាហានទៅកាន់ទីនេះដែរ ។ យើងមិនមានបំណងធ្វើរឿងនោះឡើយ តែយើងត្រូវតែបំពេញភារកិច្ច ជួយអភិឌ្ឍន៍ ជួសជុលសព្វាវុធ ដូចដែលបានព្រមព្រៀង»៕