ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា យកដែកវាយគេកំពុងជិះម៉ូតូ ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងជោកជាំ បានយកដែកមកវាយបុរសម្នាក់ កំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសដេរ១០ថ្នេរ រីឯជនសង្ស័យយត្រូវនគរបាលចាប់ខ្លួន ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលក់ស៊ុប វ៉េង សុខមួយ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នាង ចន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ។ ចំណែកជនរងគ្រោះឈ្មោះ ស្រ៊ាង សង្ហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា ថ្ងៃកើតហេតុ វេលាម៉ោង២០ ជនរងគ្រោះនិងប្អូនជីដូនមួយ បាននាំគ្នាជិះម៉ូតូចេញពីឡឥដ្ឋ ទៅមើលគេប្រគំតន្ត្រីជនពិការនៅចំណុចដីទំនេរ ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រហូតដល់វេលាម៉ោងប្រហែល២៣ ជនរងគ្រោះ និងប្អូនជីដូនមួយ បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះនៅឡឥដ្ឋវិញ ដោយជនរងគ្រោះជិះពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យឈ្មោះនាង ចន ពុំដឹងជាមានរឿងអី ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បានយកដែក វាយមកលើជនរងគ្រោះ បណ្តាលឲ្យត្រូវកំភួនដៃស្តាំរយះដេរចំនួន១០ថ្នេរ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចប៉ុស្តិ៍ព្រែកដំបង បានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ រួចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖