ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បើកមិនប្រកាន់ស្ដាំ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀត បើកបុករងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូសាន់យ៉ាន់សណ្ដោងរ៉ឺម៉កមួយគ្រឿង បើកមិនប្រកាន់ស្ដាំ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី ធ្វើដំណើរច្រាស់ទិសទិសគ្នា និងបើកដោយល្បឿនលឿន បានបុកពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាអ្នកបើកបរម៉ូតូស្កុបពីទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រស់ សារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល1AA-2500 ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកសាន់យ៉ាន់ សណ្ដោងរ៉ឺម៉ក ធុនសេ១៥០ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាល ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបាគ្រង ឃុំរវៀង ស្រុកមុខជើងព្រៃ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកសាន់យ៉ាន សណ្ដោងរ៉ឺម៉កខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេង ធ្វើឲ្យម៉ូតូម៉ាកហុងដាស្កុបពី មួយគ្រឿង បើកបរដោយល្បឿនលឿន ក្នុងទិសដៅច្រាស់គ្នា ក៏បានបុកពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ ស្កុបពីរងរបួសធ្ងន់ ។

ក្រោយពីកម្លាំងនគរបាលជំនាញទទួលបានព័ត៌ខាងលើ ភ្លាមនោះក៏ចុះទៅដល់កន្លែងកើតហេតុរួចហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ វាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរមិនប្រកាន់ស្ដាំ រីឯអ្នកបើកបរម៉ូតូស្កុបពីបើកបរល្បឿនលឿន ទើបបានជាកើតមានគ្រោះថ្នាក់ដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖