ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បាត់ដីសាលាពលទាហានទី៣ ជិត១៦ហិតា ក្នុងខេត្តកំពង់ស្ពឺទៅណា?

ចែករំលែក៖

ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិកតា ស្ថិតនៅភូមិទី១(ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានគេលួចខ្សឹបប្រាប់ថា ត្រូវបានលោកមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួយចំនួនទៀត ធ្វើឯកសារបន្លំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌដីក្រសួងការពារជាតិ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានរអែងច្បាប់អ្វីឡើយ ។ ករណីបែបនេះក្រសួងការពារជាតិមិនគួរសម្ងំស្ងៀមទេ គួរតែចុះធ្វើអធិការកិច្ចដើម្បីបកស្បែកមុខលើបុគ្គលខិលខូចមានអំណាចណាខ្លះដែលថ្លើមធំហ៊ានយកដីអង្គភាពអង្កន់ចែកគ្នា ។

បើតាមឯកសារដែលគេ ទទួលបាន បានបញ្ជាក់ថា កាលពីជំនាន់អតីតឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការភូមិភាគ៣ ដីសាលាពល ទាហានទី៣ មានទំហំសរុប ៥៨៨ ២៨៨ ម៉ែត្រការ៉េ ហើយត្រូវបានទទួលស្គាល់ដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ ថាជាដីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងកាពារជាតិ ដោយមិនអនុញ្ញាតឲ្យគ្គលណាម្នាក់មករំលោភបំពាន លួចយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ដើម្បីរក្សាទុកជាប្រយោជន៍រួម បម្រើដល់វិស័យការពារជាតិ ។ ប៉ុន្តែ ក្រោយពេលលោកឧត្តមសេនីយ៍ឯក យឿង សុខុន ចូលមកកាន់តំណែងជាមេបញ្ជា ការយោធភូមិភាគ៣ ផ្ទៃដីសាលាបានរួមតូចបន្តិចម្តងៗ ដែលបច្ចុប្បន្ននៅសល់ដីទំហំតែ ៤២៩ ១៥៥ ម៉ែត្រការ៉េប៉ុណ្ណោះ គឺបាត់អស់ជិត១៦ហិកតាទៅហើយ ។ នេះបើយោងតាមប្លង់ផែនទីគំនូសបង្ហាញទីតាំងថ្មី ដែលទទួលស្គាល់ដោយលោកឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៦ ។

មន្ត្រីកងទ័ពដែលបម្រើការនៅក្នុងសាលាពលទាហានទី៣ លួចខ្សឹបប្រាប់ថា មូលហេតុនៃការបាត់ដីសាលាប្រមាណ១៦ហិកតានេះ គឺផ្តើមចេញពីលោក យឿង សុខុន ដែលបានប្រើប្រាស់អំណាច និងតួនាទីជាមេបញ្ជាការយោធភូមិភាគ៣ កាត់ដីចេញពីដីរួមរបស់សាលាធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនអស់ជិត១០ហិកតា ។ ដោយឃើញទង្វើរបស់លោក យឿង សុខុន បែបនេះ មន្ត្រីកងទ័ពបម្រើការងារនៅក្នុងសាលាពលទាហានទី៣មួយចំនួន ក៏នាំគ្នាយកតម្រាប់តាម ដោយនាំគ្នាកាត់ដីសាលាទំហំជិត៦ហិកតា ចែកគ្នាធ្វើកម្មសិទ្ធិដែរ ។ ទង្វើនេះ បានធ្វើឲ្យផ្ទៃដីសាលាទាំងមូលដែលពីមុនមានទំហំជិត៥៩ហិកតា រួមតូចនៅត្រឹមតែជាង៤២ហិកតាប៉ុណ្ណោះ ។

យ៉ាងណា ពលទោ ពលទាហាន និងនាយទាហានមួយចំនួនធំ បានសំណូមពរដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិ មេត្តាចាត់បញ្ជូនមន្រ្តីឲ្យចុះមកធ្វើអធិការ កិច្ចលើបញ្ហាបាត់ដីសាលានេះផង ដើម្បីកុំឲ្យរឿងបែបនេះ ក្លាយជាគំរូអាក្រក់ក្នុងជួរកងទ័ព ។ សូមយកដីដែលបាត់បង់ទាំងនេះ ទុកជាសម្បត្តិរដ្ឋរបស់ក្រសួងការពារជាតិវិញផង៕

 


ចែករំលែក៖