ភ្នំពេញ ៖ បុរសវ័យកណ្ដាលម្នាក់ដែលគេស្គាល់ថា ជាមន្ត្រី យោធា បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ១៩៣ កែងនឹងផ្លូវម៉ៅសេងទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បុរសរងគ្រោះមានឈ្មោះ សេង ចាន់ធារី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ យោធា មានស្រុកកំណើត ភូមិធម្មជាតិសម្តេចតេជោ ឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូម៉ាក TODAY ពណ៌ស អត់មានស្លាកលេខ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសខាងលើ មិនដឹងថា មានគោលបំណងទៅណានោះទេ គឺបានជិះម៉ូតូម៉ាក TODAY ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើត ដោយសង្ស័យអ្នកបើកម៉ូតូ ស្រវឹងស្រាផងនោះ ទើបបណ្ដាលឲ្យរេចង្កូត ជ្រុលទៅបុកនឹង ក្បាលនាគ ពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបុរសរូបនោះ ហោះផ្លោង ទៅផ្លូវម្ខាងទៀត បែកមាត់សន្លប់ស្តូកបាត់មាត់ បាត់កតែម្តង ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះ របស់គ្លីនិក ឯកជន បានដឹកយកទៅធ្វើការសង្គ្រោះ ។
ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូរបស់ជនរងគ្រោះ ដែលរងការខូចខាតតិចតួច ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគបាលទំនប់ទឹក រង់ចាំប្រគល់ឲ្យម្ចាស់វិញ ៕ ភារ៉ា ដង្កោ