ភ្នំពេញ៖ តុលាការបានបញ្ចប់ការកាត់ទោសលោក ផែង វណ្ណៈ ហើយ នាវេលាថ្ងៃទីត្រង់ទី១៤ ខែមិថុនា នេះ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែសាលក្រមនឹងត្រូវលោកចៅក្រម លី សុខលេង ប្រកាសនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ ។
ក្នុងពេលសវនាការលោក ផែង វណ្ណៈ បានសារភាពទោសកំហុសរបស់ខ្លួន ដោយស្នើសុំតុលាការដោះលែង ព្រោះបញ្ហាសុខភាព ក្រោយបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ ។
លោកផែង វណ្ណៈ សរសេរក្នុងលិខិតសុំទោសថា “ខ្ញុំមានការសោកស្តាយជាពន់ពេក នូវកំហុសឆ្គងកន្លងមក និង សុំការខន្តីអភ័យទោសពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក” ។
ជានិពន្ធនាយកសារព័ត៌មានខ្លួនឯងផងនោះ លោក ផែង វណ្ណៈ បន្តថា “សូមសម្តេចតេជោ មេត្តាយោគយល់ សណ្តោសប្រណីនូវកំហុសឆ្គង ដើម្បីអោយខ្ញុំបានជួបជុំក្រុមគ្រួសារ ព្រមទាំងបានឆាប់ទៅបន្តព្យាបាលជំងឺប្រចាំកាយ” ។
ទោះបីយ៉ាងណា ការសម្រេចបែបណានោះ ជាឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំជម្រះ ព្រោះតុលាការជាអំណាចឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលស្ថាប័នណាមួយឡើយ ។
សូមបញ្ជាក់ថា មជ្ឈដ្ឋានជាច្រើន នៅចាំបានថា លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ត្រូវជាប់ពន្ធនាគាររហូតមកទល់បច្ចុប្បន្ននេះ មានរយៈពេលជាង៣ខែមកហើយ ដោយសារតែការលូកដៃចូលជួយករណីកញ្ញា យិន ឃុនម៉ី ហៅម៉ាណា កូនស្រីអ្នកមានស្តុកស្តម្ភមួយរូបនៅខេត្តសៀមរាប ដែលបើករថយន្តយ៉ាងព្រហើនបុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ។
ដំបូងឡើយ លោក ផែង វណ្ណៈ បានដើរតួនាទីជំនួសឳពុកជនបង្ក ចូលបច្ច័យបុណ្យសពនិស្សិតស្រី ឌុំ រីដា រហូតមានការរិះគន់ជាបន្តបន្ទាប់ ។
ដោយសារតែទប់សម្តីខ្លួនឯងមិនបាន លោក ផែង វណ្ណៈ បានសរសេរករណីចូលបុណ្យសពនិស្សិតស្រី ឌុំ រីដា ប្រៀបធៀបកាលដែលសម្តេចតេជោ ហ៊ុន សែន ចូលបុណ្យសពលោកបណ្ឌិត កែម ឡី ទើបកកើតជាបណ្តឹងព្រហ្មទណ្ឌ ដែលប្តឹងដោយ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន តែម្តង ។
ទោះបីយ៉ាងណា ពេលនេះមេភ្លើង កញ្ញា យិន ឃុនម៉ី ហៅម៉ាណា ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ បន្ទាប់ពីតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារតែ២ខែប៉ុណ្ណោះ ។
មជ្ឈដ្ឋានជាច្រើន ទន្ទឹងរង់ចាំមើលថា តើលោក ផែង វណ្ណៈ ដែលទទួលបានការកោតសរសើរច្រើនគួរសមដែរ ពីសំណាក់មហាជន អាចមានវាសនាល្អ ទទួលបានការកាត់ទោសតម្រឹម ដូច យិន ម៉ាណា ហើយត្រូវដោះលែងចេញពីពន្ធនាគារដែរឬទេ ? ។
តុលាការ បានសម្រេចចោទប្រកាន់លោក ផែង វណ្ណៈ ចំនួន២បទល្មើស ដែលអាចប្រឈមមុខការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ថ្លែងតាមបណ្ដាញសង្គម Telegram ថា”ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះផែងវណ្ណៈ រួចមកតំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទបរិហារកេរ្តិជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌តាមមាត្រា៤៩៤មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែ ទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល ៕ ចេស្តា