ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ ករណីលួចគោ អ្នកភូមិវះសាច់យកក្លែមស្រារ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានឃាត់ខ្លួនសង្ស័យ២នាក់ ខណៈដែលលួចគោអ្នកភូមិហើយវះសាច់យកធ្វើម្ហូបក្លែមស្រា ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១៩ នៅចំណុចខាងលិចទួលព្រៃពោន ចម្ងាយ​ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម ចន្នា ភេទប្រុស​ អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ​ មានទីលំនៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនិងឈ្មោះអឿន ឈើកា ភេទប្រុស​ ​អាយុ ២៥ឆ្នាំ មុខរបរកម្មករ​ មានទីលំនៅ ភូមិសំឡីខាងជើង ឃុំសំឡីស្រុកកំពង់រោទ៍ ។

សមត្ថកិច្ចនគរបាលបន្តថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី​ ស្រុកកំពង់រោទិ៍​ បានចេញល្បាត​ក្នុងភូមិសាស្ត្ររបស់ខ្លួន​ពេលយប់ ក៏បានប្រទះឃើញជនសង្ស័យចំនួន​២នាក់​ កំពុងធ្វើសកម្មភាពប្រលះសាច់គោ​ ឈ្មោល​មួយក្បាល​ ពណ៌ត្នោត ដែលរុំជាប់នឹង ដើមអាកាស្យា លើភ្លឺប្រឡាយ រួចក៏មានការសង្ស័យក៏ដើរទៅសួនាំ ក៏បែកធ្លាយថា លួចគោអ្នកភូមិ ក៏ឃាត់ខ្លួនតែម្ដង ។

សមត្ថកិច្ចនគរបាលបានសួរចម្លើយជនសង្ស័យទាំង២នាក់ ពួកគេបានឆ្លើយ​សារភាពថា ខ្លួនពិតជាបានលួចវះគោរបស់ប្រជាពលរដ្ឋពិតមែនប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿង​ ចាត់ការតាមច្បាប់ ៕ យឹមសុថា


ចែករំលែក៖