ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង តាមម៉ូតូស្រ្តីម្នាក់ ដែលជាអ្នកលក់គ្រឿងអលង្ការ ខណៈពួកគេតាមដានដឹងថា ជនរងគ្រោះទើបតែជិះម៉ូតូត្រឡប់មកពីយកគ្រឿងអលង្ការពីជាង រួចដាក់គ្រឿងអលង្ការទាំងនោះក្នុងកាបូបទុកនៅក្រោមកែបម៉ូតូ បំណងត្រឡប់ទៅផ្ទះខ្លួនវិញ លុះដល់កន្លែងស្ងាត់ក៏បើកបំបុកពីក្រោយ បណ្តាលឲ្យដួលរងរបួស និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយធ្វើអន្តរាគមន៍ស្មានតែរឿងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យជនសង្ស័យស្លន់ស្លោរលើកម៉ូតូជិះរត់គេចបាត់ស្រមោល ។
ហេតុការណ៍ ជិះម៉ូតូបំបុកប៉ុងប្លន់ម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា នៅជិតអតីតសណ្ឋារគារម៉ារ៉ាឌី គល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះមិនបញ្ជាក់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌កាប់ស្តាំង ពាក់ផ្លាកលេខភ្នំពេញ ១WC-៨២៥៣ ដោយដាក់គ្រឿងអលង្ការមួយកាបូបនៅក្រោមកែបម៉ូតូ ។
យោងតាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីកន្លែងលក់គ្រឿងអលង្ការនៅផ្សារអូឡាំពិក ដើម្បីទៅម្តុំវត្តសាមគ្គីរង្សី គោលបំណងយកគ្រឿងអលង្ការទៅឲ្យជាងធ្វើ (កងឈុត) រួចហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅម្តុំផ្សារអូឡាំពិក ដោយដាក់កាបូបដែលមានគ្រឿងអលង្ការពេញក្រោមកែបម៉ូតូ តែគាត់មិនបានឲ្យដឹងពីចំនួនគ្រឿងអលង្ការនោះទេ ។
ស្រ្តីរងគ្រោះបន្តថា ពេលគាត់ធ្វើដំណើរតាមផ្លូវលេខ២១៧ ជិតដល់អតីតសណ្ឋារគារម៉ារ៉ាឌី ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូ តាមពីក្រោយគាត់តាំងពីវត្តសាមគ្គីរង្សី កន្លែងធ្វើគ្រឿងអលង្ការ លុះមកដល់កន្លែងកើតហេតុក៏ជិះបំបុកពីក្រោយ និងធាក់ផ្ដួលម៉ូតូគាត់បណ្ដាលឲ្យដួលរងរបួសបែកមាត់ ។ ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បីមកពីក្រោយព្រោងព្រាត ធ្វើឲ្យបុរស២នាក់នោះ ភ័យស្លន់ស្លោក៏ជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកស្បែកជើងមួយចំហៀង ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានបើកកែបម៉ូតូយកកាបូបដាក់គ្រឿងអលង្ការទាំងនោះ មកឱបជាប់ខ្លួនទាំងអារម្មណ៍ភិតភ័យ ។ បន្តិចក្រោយ នគរបាលចរាចរណ៍ដែលប្រចាំការនៅគោលដៅក្បែរនោះ បានទៅជួយយកជនរងគ្រោះឲ្យមកអង្គុយនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ រួចហើយស្ត្រីរងគ្រោះ ក៏បានទាក់ទងហៅសាច់ញាតិឲ្យមកទទួលយកទៅផ្ទះវិញ ៕ ភារ៉ា ដង្កោ