ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី លួចម៉ូតូអ្នកស្រុកមេសាង ខេត្តព្រៃវែង រួចបើកគេចខ្លួនមកស្រុករំដួល ខេត្តស្វាយរៀង មកសាកសួរ ហើយបានពិនិត្យធ្វើតេស្តិ៍ទឹកនោមបែកធ្លាយមានសារធាតុញៀនក្នុងខ្លួន ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៥៧នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចគោលដៅភូមិបឹងបកក ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមមន្ត្រីនគរបាលស្រុករំដួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឃន ព្រើត អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពបន្តថា មុនកើតហេតុ សមត្ថកិច្ចបានឈរជើងគោលដៅ ខណៈនោះក៏ឃើញជនសង្ស័យម្នាក់ ជិះម៉ូតូតាមដងផ្លូវក៏បានហៅដើម្បីត្រួតពិនិត្យម៉ូតូ១គ្រឿងម៉ាក Lets ពណ៌ខៀវ ស៊េរី២០១៨ ពាក់ស្លាកលេខ ព្រៃវែង1N0676 ដោយមានការសង្ស័យ ក៏នាំទៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីសាកសួរ ។
លុះព្រឹកឡើង សមត្ថកិច្ចត្រួតពិនិត្យគ្រឿងញៀនមានសារធាតុញៀនហើយបានស្រាវជ្រាវរកបងប្អូន រហូតដល់ម៉ោង១១ព្រឹក ទើបទទួលបានព័ត៌មានថា ម៉ូតូនេះជាកម្មសិទ្ធិរបស់ឈ្មោះ ផល្លា លក្ខ័ ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅ ភូមិព្រិច ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ត្រូវជនសង្ស័យខាងលើលួចកាលពី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី នៅត្រង់ចំណុចខារ៉ាអូខេដីថ្មី រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តទៀតថា រហូតដល់ម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ម្ចាស់ម៉ូតូបានមកដល់អធិការដ្ឋាននគរបាលស្រុករំដួល ហើយបានអះអាងថា ម៉ូតូនេះពិតជាម៉ូតូរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹងតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួន និងដកហូតយកវត្ថុតាងដើម្បីកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន