ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ចែករំលែក៖

​​ប្រទេសថៃ៖ កាលពីរសៀលថ្ងៃទី២២ និងបន្តដល់ព្រឹកថ្ងៃ​ទី២៣ មិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះមានការចូលរួមពីប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន តំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងជា​មួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ដើម្បីធ្វើការពិនិត្យឡើងវិញពីវឌ្ឍនភាពនានា ដែលអាស៊ានសម្រេចបានក្នុងចន្លោះពេលពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះដែរ មេដឹកនាំ​អា​ស៊ាន​បានអនុម័ត នូវសេចក្តីប្រកាសទស្សនវិស័យ របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ភាពជាដៃ​គូ​សម្រាប់ចីរភាព ដែលមានគោលបំណងបង្កើតចីរភាព គ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងចីរភាព​សន្តិ​សុខ តាមរយៈការធ្វើឲ្យស៊ីជម្រៅ នូវទំនុកចិត្តជាយុទ្ធសាស្រ្ត កំណើនសេដ្ឋកិច្ចចីរភាព និងការ​អភិ​វឌ្ឍចីរភាព ក៏ដូចជាសន្តិសុខមនុស្សជាតិដោយចីរ​ភាព។ សេចក្តីប្រកាសនោះ ក៏បានសង្កត់​ធ្ងន់​លើ​ការបន្ត និងចីរភាព ក្នុងគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការកសាងសហគមន៍​របស់អាស៊ាន ការបន្តចីរភាពក្នុងភាពជាដៃគូ​ជាមួយភាគីពាក់ព័ន្ធក្នុងអាស៊ាន និងជាមួយ​សហ​គមន៍​អន្តរជាតិ ដើម្បីទទួលបានសន្តិភាពដ៏រឹងមាំ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដើម្បីផល​ប្រយោជន៍នៃប្រជាជនអាស៊ាន។

លើសហគមន៍​នយោបាយ សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន​បានស្វាគមន៍ចំពោះការដាក់បញ្ចូលមជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាអាស៊ាន ជាអង្គភាព​ឧប​សម្ព័ន្ធ​ ស្ថិតនៅក្រោមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន នៅក្នុងឧបសម្ព័ន្ធទី១ នៃធម្មនុញ្ញ​អា​ស៊ាន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាក្នុងការលើកកម្ពស់​កិច្ចសហ​ប្រតិ​បត្តិ​ការ​សន្តិសុខ តាមប្រព័ន្ធអ៊ីនធើរណែត ដើម្បីធានានិង​ការ​កសាងប្រព័ន្ធអ៊ីនធើរណែតមួយ​ប្រកប​ដោយ​សុវត្តិភាព សន្តិសុខ និងរឹងមាំ ដែលគាំទ្រដល់​សេដ្ឋ​កិច្ចឌីជីថល ក្នុងតំបន់អាស៊ានតាមរយៈ​យន្តការសម្របសម្រួលមួយដែលអាចធ្វើទៅបាន ដើម្បីការពិភាក្សាពាក់ព័ន្ធនឹងប្រព័ន្ធ​អ៊ីនធើរ​ណែតអាស៊ាន។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ​អាស៊ានមានសេចក្តីរីករាយ ដោយកត់សំគាល់ឃើញថា ការពិនិត្យពិចារណាអំពីការ​ស្នើសុំ​របស់​ទីម័រឡេស្តេចូលជាសមាជិកអាស៊ានកំពុងមាន​ការរីកចម្រើន។ ជាមួយនឹងការត្រៀមនៃសសរ​ស្តម្ភសហគមន៍ទាំងបី សម្រាប់បំពេញបេសកកម្ម ស្វែងរកការពិតរបស់ខ្លួន នៅប្រទេស​ទីម័រ​ឡេស្តេ ហើយទន្ទឹងរងចាំមើលលទ្ធផលនៃដំណើរការបេសកកម្មនោះ។ មេដឹកនាំអាស៊ានបាន​បញ្ជាក់សារជាថ្មី នូវការត្រៀមខ្លួនដើម្បីផ្តល់ជំនួយក្នុងការកសាងសមត្ថភាពដល់ប្រទេស​ទីម័រ​ឡេស្តេ។ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការ​បញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០១៩នេះ និង​ជំរុញឲ្យរដ្ឋមន្រ្តី និងមន្រ្តីបង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យខ្លាំង ដើម្បីសម្រេចបាននូវគោលដៅនេះ ដែលអនុលោមទៅតាមផែនការការងារឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ក្នុងអំឡុងពេល នៃកិច្ចប្រជុំនៅខេត្តសៀមរាប ព្រះ​រាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

លើទំនាក់ទំនងដៃគូខាងក្រៅអាស៊ាន មេដឹកនាំ​អាស៊ាន បានកត់សំគាល់ដោយ​ពេញចិត្ត នូវការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមផ្នែក និងដៃគូអភិវឌ្ឍ តាម​រយៈយន្តការដែលមានស្រាប់ ផែនការសកម្មភាព និងកម្មវិធីកិច្ច​សហប្រតិបត្តិការអភិវឌ្ឍនានា។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ដោយការ​ពេញចិត្ត ចំពោះការរួមចំណែករបស់​ដៃគូអាស៊ានទាំងអស់ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​កសាងសហគមន៍អាស៊ាន។ មេដឹកនាំ​អា​ស៊ាន​ក៏បានរំពឹងទុកថា ការប្រារព្វខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងជាដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺ ដើម្បីពង្រឹងនូវភាពជាដៃគូថែមទៀត។ ទន្ទឹម​នឹង​នេះ មេដឹកនាំអាស៊ានក៏បានធ្វើការកត់សំគាល់ នូវកំណើននៃការចាប់អារម្មណ៍ពីបណ្តាប្រទេស និងអង្គការតំបន់នានា ដែលស្ថិតនៅក្រៅតំបន់ ដើម្បីភ្ជាប់និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ​ ឲ្យ​កាន់​តែរឹងមាំថែមទៀត ជាមួយអាស៊ាន រួមទាំង​តាមរយៈការចាត់តាំងឯកអគ្គរដ្ឋទូត រាជទូត ចំនួន​៩១ នៃបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ាន ប្រចាំអាស៊ាន។

លើបញ្ហានិង​ការអភិ​វឌ្ឍតំបន់និងអន្តរជាតិ មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី នូវសារសំខាន់នៃការរក្សា និង​លើក​ស្ទួយសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្តិភាព និងសេរីភាពនៃការធ្វើនាវាចរ​ និងហោះ​ហើរ​លើសមុទ្រចិនខាងត្បូង និងបានទទួលស្គាល់ផល ប្រយោជន៍ជាច្រើន នៃសមុទ្រចិនខាងត្បូង ជា​សមុទ្រសន្តិភាព ស្ថេរភាព និងវិបុលភាព។ មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់នូវសារសំខាន់ នៃការអនុវត្តពេញលេញ និងប្រសិទ្ធភាពនៃសេចក្តី ថ្លែងការណ៍ឆ្នាំ២០០២ ស្តីពីការប្រតិបត្តិ​នៃ​ភាកីនៅសមុទ្រចិនខាងត្បូង (DOC)។ មេដឹកនាំ​អាស៊ាន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការ​បន្ត​ធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងចិន ដែលត្រូវបានលើក​ទឹក​ចិត្តដោយវឌ្ឍនភាពនៃការចរចាសំខាន់ៗ ឆ្ពោះទៅបញ្ចប់កិច្ចចរចាក្រមប្រតិបត្តិសមុទ្រ​ចិនខាង​ត្បូង ដោយប្រសិទ្ធភាព និងលម្អិត ក្នុងពេលវេលា​ជាក់លាក់ដែលបានឯកភាពគ្នា។

ជាមួយគ្នានេះមេដឹកនាំទាំងអស់ បាន​សង្កត់ធ្ងន់នូវសារសំខាន់ នៃកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួល​បាន​នូវសន្តិភាព និងស្ថិរភាពយូរអង្វែង ក្នុងឧបទ្វីបកូរ៉េ ដោយគ្មានអាវុធនុយក្លេអ៊ែរ និងបាន​ស្វាគមន៍​គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងចិន ដើម្បីជំរុញឲ្យមានការសន្ទនាជាមួយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នា​នេះ​មេដឹកនាំអាស៊ាន ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធបន្តធ្វើការងារ ឆ្ពោះទៅកាន់ការទទួល​បាន​នូវ​សន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ ដែលគ្មានអាវុធ​នុយក្លេអ៊ែរ រួមទាំងតាម​រយៈ​ការអនុវត្តពេញលេញ និងឆាប់រហ័សនៃសេចក្តីថ្លែងការណ៍ផានមុន ជុម (Panmunjom Declaration) សេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង (Pyongyang Joint Declaration) និងតាមរយៈសេចក្តីប្រកាសរួម ដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងសាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានរំលឹកឡើងវិញ នូវការប្តេជ្ញា​ចិត្ត​ដើម្បី​ការអនុវត្តពេញលេញ នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិពាក់​ព័ន្ធ​នានាទាំងអស់ និងកត់សំគាល់អំពីកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីនាំមកនូវការលុប​បំបាត់​អាវុធនុយក្លេអ៊ែរទាំងស្រុង ដោយមានការពិនិត្យផ្ទៀងផ្ទាត់។

កិច្ចប្រជុំកំពូលអាស៊ានលើក​ទី​៣៤ ក៏បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៤ ហើយមេដឹកនាំអាស៊ានក៏បាន អនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការប្រយុទ្ធប្រឆាំងនឹងកាកសំណលនៅក្នុងទឹក ក្នុង តំបន់អាស៊ាន។ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩ ។ អនុម័តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ ប៉ាស៊ីហ្វីក រួមទាំងបានធ្វើការកត់សំគាល់លើឯកសារ ជាច្រើនទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ។ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៤ បានបិទបញ្ជាប់ក្នុងបរិយាកាសរីករាយ និងសន្យាជួបពិភាក្សាគ្នាជាថ្មី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅរាជធានីបាងកក នាខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពេលដ៏ខ្លី ឆាប់ៗខាងមុខ៕


ចែករំលែក៖