ប្រភពបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ហៅចែអូន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ កាន់តែខ្លាំងជាងមុន ។ ប្រភពបានឲ្យដឹងទៀតថា លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការទប់ស្កាត់សកម្មភាពមេឈ្មួញ វិញ រ៉យ និងប្រពន្ធឈ្មោះ ចែអូន នោះទេ។ សូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលមេឈ្មួញ វិញ រ៉យ និងប្រពន្ធឈ្មោះ ចែអូន បង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញ វិញ រ៉យ និងប្រពន្ធឈ្មោះ ចែអូន បានបង្ហើបឲ្យដឹងថា ឈ្មួញ២នាក់ប្ដីប្រពន្ធនេះល្បីល្បាញខាងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ជាយូរឆ្នាំមកហើយមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបតាមច្បាប់ទាល់តែសោះ។ ប្រភពបានឲ្យដឹងថា នៅក្នុងខេត្តព្រះវិហារ គឺមេឈ្មួញ វិញ រ៉យ និងប្រពន្ធឈ្មោះ ចែអូន មានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម មេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ជាបង្អែករឹងមាំ ហើយនៅក្នុងខេត្តកំពង់ធំ មានលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជាបង្អែកដ៏រឹងមាំ ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ វិញ រ៉យ និងប្រពន្ធឈ្មោះ ចែអូន បង្កើនសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ស្រេចតែអំពើចិត្តហើយរថយន្តដឹកឈើរបស់ឈ្មួញ២នាក់ប្ដីប្រពន្ធនេះធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាមេឈ្មួញ វិញ រ៉យ និងប្រពន្ធឈ្មោះ ចែអូន នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួល ហើយយកមន្ត្រីធំៗមួយចំនួនក្នុងខេត្តកំពង់ធំ ដូចជាប្រធានមន្ទីរកសិកម្ម មេរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថជាដើម ធ្វើជាបង្អែកដ៏រឹងមាំរបស់ខ្លួន ៕