បន្ទាប់ពីមានការរិះគន់ករណីរលំបាក់អគារបណ្តាលឲ្យជនស្លូតត្រង់ជាកម្មករខ្មែរ២៨នាក់ស្លាប់កាលពីពេលថ្មីៗនេះ អាជ្ញាធរ ពោលគឺអភិបាលក្រុងព្រះសីហនុប្រកាសថា ខ្លួននឹងចាត់វិធានការផ្តល់ទំនុកចិត្តចំពោះអាណាព្យាបាលយុវជន ក៏ដូចជាកុមារា កុមារី ដែលចូលចិត្តលេងហ្គេម ដោយសន្យាថា នឹងបំបាត់ឲ្យអស់ចំពោះទីតាំងហ្គេមនៅក្នុងក្រុងព្រះសីហនុ ។ បើតាមការកត់សម្គាល់របស់នាងខ្ញុំ ជាប្រជាពលរដ្ឋមួយរូបនៅក្នុងក្រុងព្រះសីហនុ ឃើញថា ភ្លាមៗពេលមកកាន់តំណែងជាអភិបាលក្រុង លោកបានប្រកាសចាត់វិធានការក្តៅបែបនេះ ម្តងរួចមកហើយ ។ ប៉ុន្តែវិធានការ ឬក៏ការចុះបង្ក្រាបជាក់ស្តែង បានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ ក៏ប៉ក់ល្វើយទៅវិញ ហើយក៏រលត់សូន្យឈឹង ដូចចង្កៀងអស់ប្រេង ។
ឥឡូវលោកបានប្រកាសសារជាថ្មីទៀត ។ សម្រាប់នាងខ្ញុំ គឺដកសេចក្តីទុកចិត្ត និងក្តីរំពឹងចំពោះការប្តេជ្ញាចិត្តនេះហើយ ។ រឿងល្បែងហ្គេម គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធរត្រឹមថ្នាក់ក្រុងនេះឯង ។ មានន័យថា អាជ្ញាធរក្រុងមានសិទ្ធិពេញទំហឹងក្នុងការទទួលខុសត្រូវលើការបង្ក្រាប ឬឲ្យមាន ឬគ្មានហ្គេមទាំងនោះ ។ វាជាសមត្ថភាពជាក់ស្តែងក្នុងការបង្ក្រាប ។ ប៉ុន្តែបើដឹងខ្លួនថា មិនអាចបង្ក្រាបបានព្រោះតែទីតាំងហ្គេមមួយចំនួនមានខ្សែបណ្តោយ ខ្សែទទឹងធំជាងអាជ្ញាធរក្រុង ឬក៏ការយោគយល់យ៉ាងណានោះ ដូច្នេះ លោកអភិបាលក្រុងមិនបាច់ប្រកាសរឿងចាត់វិធានការចំពោះទូហ្គេមទាំងនោះទេ ។ ពីព្រោះថា ការប្តេជ្ញាចិត្ត ប៉ុន្តែមិនបានលទ្ធផលជាវិជ្ជមាននោះ វាជារឿងអាម៉ាស ហើយអន់សាច់ មិនបាច់ដល់ថ្នាក់ សន្យាចុះចេញពីតំណែងនោះឡើយ ។
យ៉ាងណាក៏ដោយ ក្នុងនាមប្រជាពលរដ្ឋម្នាក់ រំពឹងថា លោកអភិបាលក្រុងធ្វើបានទៅចុះ រឿងហ្គេមល្បែងស៊ីសង… អ៊ីនធើណេតទាំងនេះ ។ នាងខ្ញុំ មិនមែនជាអ្នកផ្ចាញ់ផ្ចាល់រុញឲ្យខ្លោច រោចឲ្យឆៅអីនោះទេ ប៉ុន្តែចំណុចអវិជ្ជមានជាច្រើនដែលក្នុងនាមអាជ្ញាធរក្រុងជាអ្នកទទួលខុសត្រូវ ប៉ុន្តែអាជ្ញាធរមិនអាចធ្វើបាន ។ គ្រាន់តែរឿងសំរាម? វាជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្តឬយ៉ាងណា? ក្នុងនាមជាថ្នាក់ដឹកនាំ គឺពិតជាព្រមទទួលយក«ខុស» និង«ត្រូវ» នោះផង ។ បើគ្រាន់តែបញ្ហាសំរាមដោះស្រាយមិនចេញ… ចុះទម្រាំបញ្ហាអ្វីផ្សេងទៀត ដោះស្រាយបានយ៉ាងដូចម្តេចទៅ? ទោះជាយ៉ាងណាក៏ដោយ ដាវ, កាំបិត ស្ថិតនៅលើដៃរបស់ថ្នាក់ដឹកនាំក្រុងនោះហើយ ចង់កាប់ ស្ងោ ឆា ចំពោះបញ្ហាអ្វី ស្រេចតែលើលោកជាអ្នកដឹកនាំប៉ុណ្ណោះ គ្រាន់តែថា យ៉ាងណាឲ្យមានការទទួល«ខុស»ខ្លះផង ៕ ប្រជាពលរដ្ឋម្នាក់