រយៈពេលកន្លងមក ប្រទេសជាច្រើន ដែលជាសម្ពន្ធមិត្ត របស់អាមេរិក បានងាកទៅទិញសព្វាវុធពីរុស្ស៊ី ក្នុងនោះ មានប្រព័ន្ធមីស៊ីលការពារ S-400 ធ្វើឲ្យអាមេរិកខឹងសម្បារយ៉ាងខ្លាំង ដោយ ចាត់វិធានការដាក់ទណ្ឌកម្ម និងដំឡើងពន្ធទៅលើប្រទេសនោះ ។ ជាក់ស្តែងឥណ្ឌា និង តួកគីជាដើម ដែលរងការព្រមានពីអាមេរិក ។
ចំណែកប្រទេស សាឌីអារ៉ាបី ដែលជាប្រទេសចំណាយប្រាក់ទិញអាវុធពីអាមេរិកច្រើនជាងគេបំផុត ទទួលបានការសរសើរ ពីប្រធានាធិបតីអាមេរិក ។ ធានាធិបតីអាមេរិក លោក ដូណាល់់ ត្រាំ បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ថា លោកពិតជា ស្រឡាញ់ និងកោតសរសើរអារ៉ាប៊ីសាអូឌីត សម្រាប់ការទិញបរិក្ខាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពី សហរដ្ឋអាមេរិក ។
ថ្លែងនៅមុនជំនួបទ្វេភាគីជាមួយព្រះអង្គម្ចាស់រាជទាយាទ អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន លោក ត្រាំ ក៏បានបន្ថែមដូច្នេះដែរថា៖ «វាគឺជារឿងដ៏មានកិត្តិយស ដែលនឹងបានជួបជាមួយព្រះម្ចាស់ ប៊ិន សាល់ម៉ាន ដែលជាមិត្តម្នាក់របស់ខ្ញុំ និងជាបុរសម្នាក់ដែលបាន ធ្វើរឿងល្អៗជាច្រើនសម្រាប់ស្ត្រី និងការបើកចំហអារ៉ាប៊ីសាអូឌីត ហើយនេះមើលទៅដូចជាការធ្វើ បដិវត្តន៍ក្នុងផ្លូវមួយដ៏វិជ្ជមាន» ។
តែទោះជាយ៉ាងនេះក្ដី នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើលោកអាចនឹងលើកយក សំណុំរឿងឃាតកម្មលើអ្នកកាសែត លោក Jamal Khashoggi កាលពីឆ្នាំ២០១៨ ទៅពិភាក្សា ជាមួយព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន ដែរឬទេ? លោក ត្រាំ មិនបានឆ្លើយអ្វីទាំងអស់ ៕