អារិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ក្រោយរដ្ឋកាលដឹកនាំរបស់ អតីតប្រធានាធិបតីអូបាម៉ា ។ ប្រធានាធិបតីដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថាបានបំពានកិច្ចព្រមព្រៀង ដោយបន្តផលិតមីស៊ីល និងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ម ។ ប៉ុន្តែអ៊ីរ៉ង់បានបញ្ជាក់ថា អ៊ីរ៉ង់មិនបានបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដូចដែលបានប្រកាសទេ ។
នៅ ប្រទេសអូទ្រីស ប្រភពការទូតអនាមិកមួយបានប្រាប់ឲ្យដឹងថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងអត្រាទាបមិនត្រូវបានអ៊ីរ៉ង់ស្តុកលើសចំនួនដូចដែលអ៊ីរ៉ង់បានប្រកាសនោះទេ ។ ទន្ទឹមគ្នានេះ ប្រភពការទូតដដែលបានយល់ឃើញថា គ្មានអ្វីដែលអនុញ្ញាតឲ្យបញ្ជាក់ថា បរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងអត្រាទាបរបស់អ៊ីរ៉ង់នឹងមានលើសនៅចុងសប្តាហ៍នេះទេ ។ ការបញ្ជាក់របស់ប្រភពការទូតអនាមិកមួយនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់បានឲ្យដឹងកាលពីពាក់កណ្តាលខែមិថុនាថា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនាទៅ បរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងអត្រាទាបរបស់ខ្លួននឹងលើសពីការកំណត់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ។
គេនៅមិនទាន់ដឹងថា ហេតុអ្វីបានជាទីក្រុងតេហេរ៉ង់មិនបានធ្វើតាមការប្រកាសរបស់ខ្លួនទេ តែបើផ្អែកតាមប្រភពការទូតក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ការដែលអ៊ីរ៉ង់មិនបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងអត្រាទាប គឺប្រហែលមកពីហេតុផលនយោបាយ ។ គួររម្លឹកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥ បានអនុញ្ញាតឲ្យអ៊ីរ៉ង់ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងអត្រា ៣,៦៧% តែត្រឹម ៣០០គីឡូក្រាមប៉ុណ្ណោះ ។ តែក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញមក អ៊ីរ៉ង់បានប្រកាសពីការឈប់គោរពលើកិច្ចសន្យាមួយចំនួននៅក្នុងកិច្ចព្រមព្រៀង ដូចយ៉ាងបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងអត្រា ៣,៦៧% ចាប់ពីថ្ងៃទី២៧ មិថុនា ហើយចាប់ពីថ្ងៃទី៧ កក្កដាទៅ អ៊ីរ៉ង់ព្រមានពីការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងអត្រាលើសពី ៣,៦៧% ។
សូមជម្រាបថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ក្នុងអត្រា ៣,៦៧% អាចយកទៅប្រើក្នុងវិស័យស៊ីវិល តែបើលើសជាង ២០% អាចយកទៅប្រើក្នុងវិស័យយោធា ពិសេសផលិតគ្រាប់បែកបរមាណូ ។ ក្នុងរយៈពេលចុងក្រោយនេះ ពោលក្រោយពីមានការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ និងការបាញ់យន្តហោះដ្រូនអាមេរិកពីអ៊ីរ៉ង់មក ស្ថានការណ៍នៅក្នុងឈូងសមុទ្រពែក្សកំពុងតានតឹងខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ ។ អឺរ៉ុបបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបញ្ចុះភាពតានតឹង ។ បន្ទាប់មកក្នុងថ្ងៃអង្គារ ទី២៥ មិថុនា ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានីបានបញ្ចេញកាយវិការទន់ភ្លន់ដោយប្រាប់សមភាគីបារាំងលោកម៉ាក្រុងថា អ៊ីរ៉ង់មិនចង់បង្កសង្រ្គាមជាមួយប្រទេសណាទេ សូម្បីអាមេរិកក៏គ្មានដែរ ។
ចំណែកលោកម៉ាក្រុងបានសន្យាថានៅក្នុងជំនួប G២០ ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីបញ្ជៀសសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ។ ដោយឡែកក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកអាបាស អារ៉ាឈីបានថ្លែងក្នុងឱកាសសិក្ខារសាលារៀបចំដោយស្ថានទូតអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងគុយបាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ កំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែអាមេរិកបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ ។ តាមលោកអារ៉ាឈី អាមេរិកកំពុងបំផ្លាញផ្លូវទូតតែមួយគត់ និងចោទអាមេរិកពីបទធ្វើសង្រ្គាមសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់៕