ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចាប់បានបក្ខពួកចោរឆក់ទូរស័ព្ទ២នាក់ នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ​ ៖ បក្ខពួកចោរឆក់ទូរស័ព្ទ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន កំពុងដើរតាមផ្លូវ​ តែមិនបានសម្រេច បណ្ដាលឱ្យទូរស័ព្ទជ្រុះ ហើយបានជិះរត់គេចខ្លួន តែនៅសល់បក្ខពួក២នាក់ទៀត ជិះម៉ូតូ Duke ជាអ្នកបិទគូទជិះរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើង​កាលពីម៉ោង១១យប់​ ថ្ងៃអាទិត្យ​ ទី០៧​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ នៅផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន​ ទី១.មានឈ្មោះ​ ហេង​ សម្បត្តិ​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់ នៅផ្ទះម្ដុំ​ជម្ពូវ័ន​ សង្កាត់ចោមចៅ​ទី៣ ខណ្ឌពោធិ៍សែនជ័យ​ មុខរបរសិស្សវិទ្យាល័យ​ជម្ពូវ័ន​ (ជាអ្នកបើកម៉ូតូ) ជនសង្ស័យទី២.មានឈ្មោះ​ ម៉ុន​ បញ្ញា​​ អាយុ១៨​ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅម្ដុំ​ជម្ពូវ័ន​ សង្កាត់ចោមចៅ​ទី៣ ខណ្ឌពោធិ៍សែនជ័យ​ (ជាអ្នកជិះពីក្រោយ​​)​ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញបុរសជនជាតិចិនម្នាក់​ ដើរចុចទូរស័ព្ទ​ តាមផ្លូវលេខ៤៣០ មកមុចំណុចកើតហេតុ​ ស្រាប់តែមានជនសង្ស័យចំនួន៤​នាក់​ ជិះម៉ូតូ២គ្រឿង​ មួយគ្រឿងម៉ាក​ YAMAHA QBIX (មិនចាំពណ៌ និងមិនចាំស្លាកលេខ​) ជិះម៉ូតូឌុបគ្នា​២នាក់​ និងមួយគ្រឿងទៀត​ម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ​ 1CQ-4208 ជិះគ្នា២នាក់ដូចគ្នា បានជិះមកអែបពីក្រោយ​ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនជាតិចិនតែមិនបានសម្រេច​ ធ្វើឲ្យទូរស័ព្ទជ្រុះលើថ្នល់​ ហើយជនជាតិចិននោះក៏ស្រែក​ឆោឡោ​ ទើបជនសង្ស័យ​ដែលជិះម៉ូតូ QBIX បានបន្ថែមល្បឿន​ជិះគេចខ្លួនតែម្ដង​ បង្កឲ្យមានការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅជិតនោះ​ ស្ទុះរត់ចេញមកជួយ​ ឃើញជនសង្ស័យ២នាក់​ ដែលជិះម៉ូតូ Duke បិទគូទកំពុងនៅក្បែរជនជាតិចិននោះ​ ដោយសង្ស័យជា​បក្ខពួក

ទើបនាំគ្នាចាប់ឃាត់ខ្លួនតែម្ដង​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍​ទួលទំពូងទី២ បន្ទាប់ពីសួរចម្លើយទើបដឹងថា​ ទីតាំងកើតហេតុ​គឺស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ​ ទើបនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវវិញ​ ដើម្បីរសាកសួរ​បន្ត ។

ជនសង្ស័យបានឆ្លើយសារភាពថា​ ពួកគេពិតជាបក្ខពួករបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិននោះ​ ប្រាកដមែន​ តែពួកគាត់មិនមែនជាអ្នកឆក់ទេ​ ចំណែកឯបក្ខពួក​ដែលធ្វើសកម្មភាពឆក់នោះ​ ទី១.ឈ្មោះ​ យុទ្ធ​ និងទី២.ឈ្មោះ​ អា នុ មិនដឹងស្នាក់នៅឯណានោះទេ​ (បានគេចខ្លួនបាត់ហើយ​) ពួកគេគ្រាន់តែជាអ្នកជិះបិទគូទតែប៉ុណ្ណោះ​ ។

សមត្ថកិច្ចបានប្រគល់ទូរស័ព្ទម៉ាក Hauwei ជូនជនរងគ្រោះវិញ ចំណែកឯជនសង្ស័យទាំងពីរនាក់​ ត្រូវបានឃាត់ខ្លួន​នៅប៉ុស្តិ៍ផ្សារដើមថ្កូវ​ ដើម្បីប្រគល់ឲ្យផ្នែកជំនាញកសាងសំណុំរឿង​ បន្តតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាបក្ខពួក​យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖