គេស្តីបន្ទោសថា ស្ពាននៅផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលចាស់ពេកណាស់ទៅហើយ បានជាខូច មិនអាចឲ្យរថយន្តធំៗធ្វើដំណើរឆ្លងកាត់បាន ។ ប្រការនេះធ្វើឲ្យប្រធានស្ថានីយថ្លឹងរថយន្តនៅផ្លូវជាតិលេខ២ ចំណុចភូមិត្រពាំងត្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលខាតបង់ប្រយោជន៍ជាខ្លាំង ។ នៅលើកំណាត់ផ្លូវជាតិលេខ២ ដ៏ទ្រុឌទ្រោមនេះ មានស្ថានីយថ្លឹងរថយន្តពីរកន្លែង ដែលមួយកន្លែងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយកន្លែងទៀតស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលស្ថានីយទាំងពីរមានចម្ងាយពីគ្នាប្រហែលជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ។
ប្រភពព័ត៌មានបានរាយការណ៍ថា បើទោះបីជាកំណាត់ផ្លូវជាតិលេខ២ទ្រុឌទ្រោម មើលទៅគ្មានរថយន្តធំៗឆ្លងកាត់ក៏ដោយ ប៉ុន្តែឲ្យតែពាក់ថា ជញ្ជីងគឺតែងតែទទួលបានលាភសក្ការជាធម្មតា ។ មិនតែប៉ុណ្ណោះក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញអំពីមោទនភាព ពីការដែលទទួលបានផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីការផាកពិន័យចំពោះរថយន្តដឹកលើសទម្ងន់ ។ នៅក្នុងនោះ ស្ថានីយថ្លើងរថយន្តនៅលើផ្លូវជាតិលេខ២ ក៏បានរួមចំណែកលើកមុខ លើកមាត់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ ដែលទទួលបន្ទុកខាងជញ្ជីងនេះថា បានប្រឹងប្រែងរកចំណូលបានច្រើនពីការផាកពិន័យចំពោះរថយន្តដឹកលើសទម្ងន់ ។ មោទនភាពនេះបញ្ជាក់ថា រថយន្តដឹកលើសទម្ងន់ កាន់តែច្រើនដែលកំពុងបំផ្លាញផ្លូវជាតិ ។
គេរាយការណ៍ថា លោក ម៉ម ពិសិដ្ឋ បានដាក់កម្លាំងឲ្យដេកចាំយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវជាតិលេខ២ ។ វាជារឿងអាម៉ាសសម្រាប់ក្រុមជញ្ជីង ពីព្រោះថា ផ្លូវជាតិលេខ២ មានជញ្ជីងថ្លឹងរថយន្តពីរកន្លែងក្នុងចម្ងាយផ្លូវជាង១០គីឡូម៉ែត្រពីគ្នានោះ ។ បើផ្លូវនេះល្អ ស្រួលធ្វើដំណើរមិនថាទេ ប៉ុន្តែសូម្បីតែអ្នកជិះម៉ូតូក៏រអ៊ូរទាំក្នុងការពិបាកធ្វើដំណើរដែរ ។ ប្រជាពលរដ្ឋនិយាយថា ផ្លូវយ៉ាងនេះសោះ ហេតុអ្វីចាំបាច់មានស្ថានីយថ្លឹងរថយន្ត២កន្លែងក្បែរៗគ្នាយ៉ាងនេះ? ច្បាស់ណាស់ថា ការបង្កើតស្ថានីយថ្លឹងរថយន្តទាំងពីរនេះ ក្នុងបុព្វហេតុនៃផលប្រយោជន៍នោះឯង ហើយក្នុងនោះលោក ម៉ម ពិសិដ្ឋ ត្រូវគេរាយការណ៍ថា ក៏ទទួលបានលាភសក្ការមិនស្ទើរដែរក្នុងនាមជាប្រធានស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ៕