ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើង ល្អប្រសើរឡើងវិញ បន្ទាប់ពីកិច្ចប្រជុំលើកទី៣នៅតំបន់ព្រំដែន កូរ៉េទាំងពីរ ។ មេដឹកនាំ អាមេរិក កូរ៉េខាងជើង បានព្រមព្រៀងគ្នាបន្តពិភាក្សាលើកម្មវិធីបរមាណូ ហើយអាមេរិកស្នើឲ្យកូរ៉េខាងជើង បង្កករាល់កម្មវិធីពាក់ព័ន្ធ និងអាវុធទាំងអស់ ។
នៅពេលនេះ កម្លាំងទាហានអាមេរិក លើកទីមួយបានប្រកាសទទួលស្គាល់កាំជ្រួចមីសីល Hwasong-15 របស់កូរ៉េខាងជើង អាចវាយប្រហារទៅគ្រប់គោលដៅនៅអាមេរិក ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែកក្កដា បានផ្សាយថា កម្លាំងទាហានអាមេរិក នៅកូរ៉េខាងត្បូងបានសារភាពថា មីស៊ីលរបស់កូរ៉េខាងជើងពិតជាមានសមត្ថភាពវាយប្រហារទៅលើគោលដៅនានានៅក្នុងទឹកដីអាមេរិក ។
មីស៊ីល ICMB Hwasong-15 ត្រូវបានកូរ៉េខាងជើង សាកល្បងដោយជោគជ័យនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧ ដែលអាចបាញ់បានចម្ងាយរហូតដល់ទៅ១២.៨៧៤ គីឡូម៉ែត្រ គឺអាចវាយប្រហារគ្រាប់ទីកន្លែងក្នុងទឹកដីអាមេរិក ។ នៅឆ្នាំ២០១៨ អាមេរិកបានប្រកាសថា មីស៊ីល ICMB Hwasong-15របស់កូរ៉េខាងជើង បាញ់មិនដល់១ម៉ឺនគីឡូម៉ែត្រនោះឡើយ ។ ប៉ុន្តែនៅពេលនេះ អាមេរិកបានទទួលស្គល់ ពីសមត្ថភាពពិតប្រាកដនៃមីស៊ីលខាងលើ ។
ប៉ុន្តែ តាំងពីពេលសាកល្បងនោះមក កូរ៉េខាងជើង បានយលព្រម ជាមួយអាមេរិក ដោយមិនសាកល្បងអាវុធមីស៊ីលទៀតឡើយដើម្បីពិភាក្សាជាមួយអាមេរិក ស្តីពីការរំសាយអាវុធបរមាណូ ។
នៅពេលនេះដែរ កូរ៉េខាងជើង បានឡើងគម្រោងផលិតសាកល្បងអាវុធពិសេស ដើម្បីកម្ទេចអាវុធដ៏សាហាវរបស់កូរ៉េខាងត្បូង (F-35) ។ កូរ៉េខាងជើង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអះអាងថា កូរ៉េខាងជើងអាចនឹងផលិតសាកល្បងអាវុធដ៏ពិសេសមួយប្រភេទ ដើម្បីកម្ទេចយន្តហោះចម្បាំង F-35 របស់អាមេរិក បើសិនជាកូរ៉េខាងត្បូងនៅតែដាក់ពង្រាយយន្ដហោះប្រភេទនេះបន្ដទៀត ។
សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នាយកស្រាវជ្រាវគោលនយោបាយ សុំមិនបញ្ចេញអត្តសញ្ញាណ នៅវិទ្យាស្ថានសិក្សាអាមេរិកាំង នៃក្រសួងការបរទេសកូរ៉េខាងជើង បានហៅ អាជ្ញាធរកូរ៉េខាងត្បូងថា “មានភាពច្របូកច្របល់ និងគួរឱ្យអាណិត” ចំពោះការ «និយាយយ៉ាងខ្លាំងៗអំពីការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ រវាងភាគខាងជើង និងខាងត្បូង” ខណៈប្រទេសនេះ នៅតែបន្តទិញអាវុធពីអាមេរិកជាដដែល ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងមិនមានជម្រើសផ្សេងទៀតទេ ប៉ុន្តែយើងអភិវឌ្ឍ និងសាកល្បងអាវុធពិសេស ដើម្បីកម្ទេចយន្ដហោះដ៏សាហាវ ដែលបាន និងកំពុងពង្រឹង នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការទិញអាវុធរបស់កូរ៉េខាងត្បូង គឺជា “សកម្មភាពដ៏គ្រោះថ្នាក់បំផុត” ដែលនឹងបង្កឱ្យមានប្រតិកម្មពីខាងយើង (កូរ៉េខាងជើង)» ។
ប្រទេសកូរ៉េខាងត្បូងបានទទួលយន្តហោះចម្បាំង F-35A ចំនួនពីរគ្រឿងពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Lockheed Martin កាលពីខែមីនា ឆ្នាំ២០១៩ និង៨គ្រឿងបន្ថែមទៀត ត្រូវបានរំពឹងថា នឹងត្រូវប្រគល់ឱ្យនៅដំណាច់ឆ្នាំនេះ ។ ការបញ្ជាទិញយន្តហោះនេះ មានរហូតដល់៤០គ្រឿង ។ យន្តហោះចម្បាំងនេះ ក្នុងមួយគ្រឿងតម្លៃ៨៥លានដុល្លារ ។ នៅក្នុងឆ្នាំ២០១១ខាងមុខ ក្រុមហ៊ុនផ្គត់ផ្គង់នេះ នឹងផ្តល់ជូនកូរ៉េខាងត្បូងគ្រប់ចំនួន ។ នៅមុនពេលប្រគល់ជូនយន្តហោះចម្បាំងនេះ អាកាសយានិកកូរ៉េខាងត្បូងបានចំណាយពេលរាប់ខែទៅហ្វឹកហាត់អំពីយន្តហោះចម្បាំង F-35A នៅឯមូលដ្ឋានដែនអាកាសមួយ ស្ថិតនៅក្នុងរដ្ឋ Arizona ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានក៏បានណែនាំដល់កូរ៉េខាងត្បូងបោះបង់គោលជំហរនោះចោល ខណៈវានៅមិនទាន់ហួសពេល ។ បញ្ឈប់ ឬបំភ្លេចចោលនូវរូបភាពបំភ័ន្តភ្នែកទាំងឡាយនោះ ដើម្បីជាឱកាសមួយសម្រាប់ទំនាក់ទំនងអន្តរកូរ៉េល្អប្រសើរ បើសិនជាកូរ៉េខាងត្បូងចង់ដើរតាមលំអានរបស់អាមេរិក ។
កាលពីដើមឆ្នាំ២០១៩នេះ ក្តីសង្ឃឹមថា នឹងទទួលបានសន្តិភាពនៅឧបទ្វីបកូរ៉េ បានរសាយបាត់ ក្រោយជំនួបពិភាក្សាដែលទន្ទឹងរង់ចាំរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ មានបានឈានដល់សម្រេចកិច្ចព្រមព្រៀង ។ កាលពីខែមុន លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិអាមេរិក បាន សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនកាត់បន្ថយវិសាលភាពនៃសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូងទេ ដោយលោកបានកត់សម្គាល់ថា វាជាការពង្រឹងសមត្ថភាពរបស់ខ្លួន ។
នៅពេលនេះដែរ លោកគីមជុងអ៊ុន បានក្លាយជាប្រមុខដឹកនាំជាន់ខ្ពស់ កូរ៉េខាងជើង ក្រោយ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យលោក គីម ជុងអ៊ុន ក្លាយជាប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងស្របច្បាប់ ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា លោក គីម ជុងអ៊ុន នឹងក្លាយជាប្រមុខដឹកនាំកូរ៉េខាងជើង យ៉ាងពិតប្រាកដ ។ កិច្ចប្រជុំកែប្រែច្បាប់ធម្មនុញ្ញនោះ បានធ្វើឡើង កាលពីចុងខែមេសា ឆ្នាំ២០១៩ ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រធានគណៈកម្មាធិការខុទ្ទកាល័យរដ្ឋកូរ៉េខាងជើង (SAC) បានដើរតួនាទីជាមេដឹកនាំកំពូល “តំណាងឱ្យរដ្ឋ” កូរ៉េខាងជើង ។ នៅពេលនេះ លោក គីម ជុងអ៊ុន ជាប្រធាន SAC គឺជាមេដឹកនាំកំពូលរបស់កូរ៉េងជើង ស្របទៅតាមផ្លូវច្បាប់ ។
ព័ត៌មានស្តីពីការការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីលើកមេដឹកនាំ គីម ជុងអ៊ុន ឲ្យក្លាយជាប្រមុខដឹកនាំជាតិ បានកើតមានតាំងពីដើមឆ្នាំ២០១៩ ក្រោយពេលលោក គីម ជុងអ៊ុន មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំសភា ។
កាលពីជំនាន់ជីតា គីម អ៊ីលស៊ុង និងឪពុក គីម ជុងអ៊ីល គឺមានកៅអីនៅក្នុងសភា ។ ចំណែកគីម ជុងអ៊ុន មិនមានឡើយ ហើយការដឹកនាំរបស់អតីតមេដឹកនាំ គីម ជុងអ៊ីល គឺសភាកូរ៉េខាងជើង ក៏បានតែងតាំងជានាយសេនាធិការជាន់ខ្ពស់កូរ៉េខាងជើងផងដែរ៕