ការវិនិយោគបញ្ហាថាមពលអគ្គិសនី គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ។ ប្រជាពលរដ្ឋឃុំកោះរះ ស្រុកល្វាឯម មិនជំទាស់ចំពោះគម្រោងវិនិយោគរោងចក្រផលិតថាមពលអគ្គិសនីនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ប៉ុន្តែសំណូមពរឲ្យក្រុមហ៊ុនវិនិយោគមេត្តាទិញដីប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ ប្រហាក់ប្រហែលនឹងតម្លៃទីផ្សារសេរី ។ ជាងនេះទៅទៀត នៅគ្រាដែលមិនទាន់មានការសម្រេច ឬព្រមព្រៀងជាផ្លូវការណាមួយពីប្រជាពលរដ្ឋ ភាគីក្រុមហ៊ុនមិនគួរឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលកំពុងទទួលផលក្នុងតម្លៃរាប់ពាន់ដុល្លារ, រាប់ម៉ឺនដុល្លារយ៉ាងដូច្នេះទេ ។
ប្រជាពលរដ្ឋនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាលនិយាយថា គម្រោងវិនិយោគផលិតរោងចក្រថាមពលអគ្គិសនី នៅក្នុងឃុំកោះរះ លើផ្ទៃដីប្រមាណ៤០ហិកតា ។ ដីចម្ការរបស់អ្នកភូមិត្រូវបានចែក តាំងពីអំឡុងឆ្នាំ១៩៧៩ ដែលរហូតមកដល់ពេលនេះ គ្មានដីណាទំនេរចោលនោះទេ គឺសុទ្ធតែបានដាំដំណាំ ដែលទទួលបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយរដូវ ។ នៅពេលដែលមានការវិនិយោគនេះ ភាគីក្រុមហ៊ុនប្រជាពលរដ្ឋខ្សឹបខ្សៀវថា មានបំណងទិញដីពីប្រជាពលរដ្ឋក្នុងមួយម៉ែត្រការ៉េ១៨ដុល្លារ នៅគ្រាដែលគេដឹងថា តម្លៃទីផ្សារសេរីដីនៅតំបន់នោះមិនតិចជាង១០០ដុល្លារនោះទេ ក្នុងមួយម៉ែត្រការ៉េ ។ អ្នកភូមិមិនប្រាថ្នាចង់បានតម្លៃដីរបស់ខ្លួន ដែលត្រូវលក់ឲ្យក្រុមហ៊ុនវិនិយោគនោះដូចលក់ឲ្យឈ្មួញឯកជននោះឡើយ ប៉ុន្តែយ៉ាងណា ពួកគាត់មិនអាចទទួលយកបានទេ នៅគ្រាដែលខាងក្រុមហ៊ុនឲ្យថ្លៃត្រឹម១៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះ ។
លើសនេះទៅទៀត នៅគ្រាដែលមិនទាន់មានការព្រមព្រៀងទាំងស្រុងពីប្រជាពលរដ្ឋ ខាងក្រុមហ៊ុនមិនអាចឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលកំពុងទទួលផលក្នុងទឹកប្រាក់រាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារនោះបានឡើយ ។ ខាងក្រុមហ៊ុនបានឆ្លៀតឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលនាំឲ្យមានប្រតិកម្មជាខ្លាំង ។ ដំណាំស្វាយខ្លះកំពុងទទួលផលក្នុងមួយរដូវតម្លៃរាប់ម៉ឺនដុល្លារ ដូច្នេះនៅពេលដែលក្រុមហ៊ុនឈូសកម្ទេច តើអ្នកម៉ៅស្វាយ មិនចងកស្លាប់ទៅហើយទេឬ? ដំណាំល្ហុង ដែលកំពុងប្រមូលផលហើយម្ចាស់អាចទទួលបានប្រាក់ពីបេះម្តងៗរាប់ពាន់ដុល្លារនោះ ក៏មិនត្រូវឈូសកម្ទេចក្នុងពេលដែលមិនទាន់មានការព្រមព្រៀងជាផ្លូវការនោះដែរ ។
ប្រជាពលរដ្ឋសំណូមពរឲ្យថ្នាក់ដឹកនាំខេត្តកណ្តាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលមេត្តាពិនិត្យលើករណីនេះផង ។ ប្រជាពលរដ្ឋនៅឃុំកោះរះមិនជំទាស់ចំពោះគម្រោងអភិវឌ្ឍន៍កសាងរោងចក្រផលិតថាមពលអគ្គិសនីនៅក្នុងមូលដ្ឋានរបស់ពួកគាត់នោះទេ ប៉ុន្តែការអភិវឌ្ឍមិនគួរធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាភិតភ័យយ៉ាងដូច្នោះដែរ ។ ករណីនេះមានតែស្ថាប័នជំនាញ ពោលគឺក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គិសនីកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាល ពិនិត្យមើលករណីនៃការវិនិយោគរបស់ក្រុមហ៊ុនចិន នៅឃុំកោះរះ ស្រុកល្វាឯមនោះផង ៕