ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀ៖ ពលរដ្ឋឃុំកោះរះ ស្រុកល្វាឯម ខ្វល់​រឿង​រោងចក្រ​ផលិតអគ្គិសនី​ទិញដីថោក

ចែករំលែក៖

ការវិនិយោគ​បញ្ហាថាមពលអគ្គិសនី គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ។ ប្រជាពលរដ្ឋឃុំកោះរះ ស្រុកល្វាឯម មិនជំទាស់​ចំពោះ​គម្រោងវិនិយោគ​រោងចក្រផលិតថាមពលអគ្គិសនី​នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ប៉ុន្តែ​សំណូមពរ​ឲ្យក្រុមហ៊ុនវិនិយោគ​មេត្តា​ទិញដី​ប្រជាពលរដ្ឋ​ក្នុងតម្លៃសមរម្យ ប្រហាក់ប្រហែល​នឹងតម្លៃទីផ្សារសេរី ។ ជាងនេះទៅទៀត នៅគ្រាដែលមិនទាន់មានការសម្រេច ឬព្រមព្រៀង​ជាផ្លូវការណាមួយពីប្រជាពលរដ្ឋ ភាគីក្រុមហ៊ុនមិនគួរឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលកំពុងទទួលផល​ក្នុងតម្លៃរាប់ពាន់ដុល្លារ, រាប់ម៉ឺនដុល្លារយ៉ាងដូច្នេះទេ ។

ប្រជាពលរដ្ឋនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាលនិយាយថា គម្រោងវិនិយោគផលិតរោងចក្រថាមពលអគ្គិសនី នៅ​ក្នុងឃុំកោះរះ លើផ្ទៃដីប្រមាណ៤០ហិកតា ។ ដីចម្ការរបស់អ្នកភូមិត្រូវបានចែក​ តាំងពីអំឡុងឆ្នាំ១៩៧៩ ដែលរហូតមកដល់ពេលនេះ គ្មានដីណាទំនេរចោលនោះទេ គឺសុទ្ធតែបានដាំដំណាំ ដែលទទួលបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយរដូវ ។ នៅពេលដែលមានការវិនិយោគនេះ ភាគីក្រុមហ៊ុនប្រជាពលរដ្ឋខ្សឹបខ្សៀវថា មានបំណងទិញដីពីប្រជាពលរដ្ឋ​ក្នុងមួយម៉ែត្រការ៉េ១៨ដុល្លារ នៅគ្រាដែលគេដឹងថា តម្លៃទីផ្សារសេរីដីនៅតំបន់នោះ​មិនតិចជាង១០០ដុល្លារនោះទេ ក្នុងមួយម៉ែត្រការ៉េ ។ អ្នកភូមិមិនប្រាថ្នាចង់បានតម្លៃដីរបស់ខ្លួន ដែលត្រូវ​លក់ឲ្យក្រុមហ៊ុនវិនិយោគនោះដូចលក់ឲ្យឈ្មួញឯកជននោះឡើយ ប៉ុន្តែយ៉ាងណា ពួកគាត់មិនអាចទទួលយកបានទេ នៅគ្រាដែលខាងក្រុមហ៊ុនឲ្យថ្លៃត្រឹម១៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះ ។

លើសនេះទៅទៀត នៅគ្រាដែលមិនទាន់មានការព្រមព្រៀងទាំងស្រុងពីប្រជាពលរដ្ឋ ខាងក្រុមហ៊ុនមិនអាចឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលកំពុងទទួលផល​ក្នុងទឹកប្រាក់រាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារនោះបានឡើយ ។ ខាងក្រុមហ៊ុនបានឆ្លៀតឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលនាំឲ្យមានប្រតិកម្មជាខ្លាំង ។ ដំណាំស្វាយខ្លះ​កំពុងទទួលផល​ក្នុងមួយរដូវតម្លៃរាប់ម៉ឺនដុល្លារ ដូច្នេះនៅពេលដែលក្រុមហ៊ុនឈូសកម្ទេច តើអ្នកម៉ៅស្វាយ មិនចងកស្លាប់ទៅហើយទេឬ? ដំណាំល្ហុង ដែល​កំពុងប្រមូលផល​ហើយម្ចាស់អាច​ទទួលបានប្រាក់​ពី​បេះម្តងៗរាប់ពាន់ដុល្លារនោះ ក៏មិនត្រូវឈូសកម្ទេច​ក្នុងពេលដែលមិនទាន់មានការព្រមព្រៀង​ជាផ្លូវការនោះដែរ ។

ប្រជាពលរដ្ឋសំណូមពរឲ្យថ្នាក់ដឹកនាំ​ខេត្តកណ្តាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល​មេត្តា​ពិនិត្យ​លើករណីនេះផង ។ ប្រជាពលរដ្ឋនៅឃុំកោះរះ​មិនជំទាស់​ចំពោះគម្រោងអភិវឌ្ឍន៍កសាង​រោងចក្រផលិតថាមពលអគ្គិសនី​នៅ​ក្នុងមូលដ្ឋានរបស់ពួកគាត់នោះទេ ប៉ុន្តែ​ការអភិវឌ្ឍមិនគួរ​ធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាភិតភ័យយ៉ាងដូច្នោះដែរ ។ ករណីនេះមានតែស្ថាប័នជំនាញ ពោលគឺក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គិសនីកម្ពុជា ជាពិសេស​ប្រមុខរាជរដ្ឋាភិបាល ពិនិត្យមើលករណី​នៃការវិនិយោគ​របស់ក្រុមហ៊ុនចិន នៅឃុំកោះរះ ស្រុកល្វាឯមនោះផង ៕


ចែករំលែក៖