ព័ត៌មានទាន់ហេតុការណ៍៖

តំបន់កាស្មៀរ ឥណ្ឌា-ប៉ាគីស្ថាន មិនទាន់ស្ងប់ស្ងាត់ស្នូរកាំភ្លើងនៅឡើយ

ចែករំលែក៖

កន្លងមក ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការប្រឈមុខតានតឹង រវាងឥណ្ឌា នឹងប៉ាគីស្ថាននៅតំបន់ព្រំដែនកាស្មៀរ គឺជាយុទ្ធសាស្ត្រនយោបាយ របស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ក្នុងគោលដៅស្វែងរកសំឡេងគាំទ្រ​សម្រាប់បោះឆ្នោតតែប៉ុណ្ណោះ​ ហើយនឹងបញ្ចប់ទៅ ក្រោយការបោះឆ្នោតបានបញ្ចប់​។

ការបោះឆ្នោតបានបញ្ចប់ទៅហើយ ដោយលោក ម៉ូឌី បន្តកាន់តំណែងដឹកនាំឥណ្ឌា មួយអាណត្តិទៀត ។ ប៉ុន្តែ ស្នូរកាំភ្លើងដោយការបាញ់ប្រហារគ្នារវាងទាហានឥណ្ឌា និងប៉ាគីស្ថាននៅតែបន្ត ដដែល បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋរស់នៅតំបន់កាស្មៀរ ។

នៅពេលថ្មីៗនេះកម្លាំងទាហានរបស់ឥណ្ឌា និងប៉ាគីស្ថាន​ បានផ្ទុះ​អាវុធ​ទ្រង់ទ្រាយធំ​សារជាថ្មី​ ស្ថិតនៅតំបន់់កាស្មៀរ ។ ឥណ្ឌាបាននិយាយថា ប៉ាគីស្ថានរំលោភលើកិច្ចឈប់បាញ់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ទើបបណ្តាលឲ្យមានផ្ទុះអាវុធទ្រង់ទ្រាយធំ​។

ប្រភពព័ត៌មានពីមន្ត្រីយោធា​ឥណ្ឌា​បានប្រាប់ប្រភពព័ត៌មានផ្សាយថា ការផ្ទុះអាវុធទ្រង់ទ្រាយធំ​បានកើតឡើង​រវាង​កងទ័ព​ឥណ្ឌា​ និងប៉ាគីស្ថាន​​ស្ថិតនៅតាមតំបន់​ស (LoC) ដែនដីកាស្មៀរ ។ ទាហានប៉ាគីស្ថាន​បានបាញ់ប្រហារមកលើទីតាំងប៉ុស្តិ៍​​ទាហានឥណ្ឌា ព្រមទាំង​កន្លែងរស់នៅរបស់ជនស៊ីវិលនៅ Mendhar ផងដែរ ។ កម្លាំងទាហានឥណ្ឌាក៏បាញ់តបតវិញផងដែរ ។

ការប្រយុទ្ធទៅវិញ​ ទៅមក ​នៅតែ​បន្ត​​កើតឡើង ​កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ស្ថិតនៅតំបន់​ស ខណ្ឌចែករវាងប្រទេសទាំងពីរ ឥណ្ឌា និងប៉ាគីស្ថាន ។ ប៉ុន្តែ​មិនមាន​ព័ត៌មានអំពី​ការស្លាប់​ ឬរបួសរបស់ភាគីទាំងសងខាងនៅឡើយ ។

តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ មកទល់ពេលនេះ ការផ្ទុះអាវុធ​កាលពីព្រឹកថ្ងៃទី១២​ខែកក្កដានោះ គឺជាការផ្ទុះអាវុធលើកទី៥ហើយ​រវាងកម្លាំងទាហាន​ប៉ាគីស្ថាន និងឥណ្ឌា ។ កិច្ចពិភាក្សា​លើកមួយបានធ្វើឡើង​ស្តីអំពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ គឺក្រោយពីរយៈពេលមួយខែពេញ​ អំពើហិង្សា​បានផ្ទុះឡើង ។ ជនស៊ីវិល​ម្នាក់រងរបួស នៅតំបន់ Nowshera ជ្រលង​ភ្នំកាស្មៀរ កាលពីថ្ងៃទី៨ ខែកក្កដា ដោយសារតែ​ការបាញ់ប្រហារគ្នារបស់ទាហាន​ប្រទេសទាំងពីរ ។

ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថាន​រំលោភ​បទឈប់បាញ់ ដែលបានព្រមព្រៀង​ជាមួយគ្នា ។ ក្នុងឆ្នាំ២០១៩​នេះ ការរំលោភកិច្ចឈប់បាញ់​មានប្រហែល​១,២៤៨លើក។

ឆ្នាំ២០១៣ ប្រទេសជិតខាងទាំងពីរ​នេះ​បានចុះកិច្ចព្រមព្រៀងឈប់បាញ់​មួយ នៅឯតំបន់ស LoC​ នោះ ហើយក៏ជាកិច្ចព្រមព្រៀងដែលផ្តល់នូវទំនុកចិត្តខ្ពស់បំផុត ។

ឥណ្ឌា និងប៉ាគីស្ថាន​​ជាប្រវត្តិសាស្ត្រ​ប្រឈមមុខតានតឹងដាក់គ្នា ដោយសារតែទាមទារ​ចំណែក​ដី​តំបន់​កាស្មៀរ​ ក្រោយឯករាជ្យ​ពីចក្រភពអង់គ្លេស​ឆ្នាំ១៩៤៧ ៕


ចែករំលែក៖