ខេត្តកណ្ដាល៖ ស្រ្តីជាម្ចាស់ផ្ទះម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងបុរសជាប្តីទទួលរងរបួសធ្ងន់ ខណៈកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះរបស់ស្រ្តីរងរងគ្រោះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៤០នាទី នៅចំណុចផ្ទះឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អា ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ និងជនរងគ្រោរងរបួសធ្ងន់ឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ៣០ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកសម្ភារខូចខាតមាន៖ ផ្ទះចំនួន១ខ្នង ទំហំ៩ម៉ែត្រគុណនឹងទទឹង៥ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ខូចខាត៥០% ,ពួក ,ខ្នើយ ,ខោអាវ និងទូដាក់ខោអាវផងដែរ ។
ប្រភពដដែលបន្តទៀតថា នៅវេលាយប់កើតហេតុ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធ បាននាំគ្នាគេងក្នុងផ្ទះរបស់ខ្លួនលើឡៅតឿ លុះមកដល់វេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ស្រាប់តែមានអគ្គិភ័យកើតឡើង បានឆេះក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធត្រូវភ្លើងឆេះស្លាប់ រីឯជនរងគ្រោះជាប្តី ទទួលរងរបួសធ្ងន់ ខណៈនោះដែរ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយអន្តរាគមន៍ ពន្លត់ និងយកជនរងគ្រោះដែលរងរបួសធ្ងន់ ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញពុំទាន់ដឹងនៅឡើយថា បណ្ដាលមកពីអ្វីនោះទេ ។ ចំណែកសាកសពស្រ្តីរងរគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ