ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះមួយខ្នង បណ្ដាលឲ្យស្ត្រីម្នាក់ជាម្ចាស់ផ្ទះស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្តីជាម្ចាស់ផ្ទះម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងបុរសជាប្តីទទួលរងរបួសធ្ងន់ ខណៈកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះរបស់ស្រ្តីរងរងគ្រោះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៤០នាទី​ នៅចំណុចផ្ទះ​ឈ្មោះ​ វ៉េង​ វិរះ​ ភេទ​ប្រុស អាយុ៣០ឆ្នាំ​ នៅភូមិពោធិក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អា ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់ឈ្មោះ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ​ និងជនរងគ្រោរងរបួសធ្ងន់ឈ្មោះ​ វ៉េង​ វិរះ​ ភេទប្រុស​ អាយុ៣០ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិពោធិក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ ចំណែកសម្ភារខូចខាតមាន៖ ផ្ទះចំនួន១ខ្នង​ ទំហំ៩ម៉ែត្រគុណនឹងទទឹង៥ម៉ែត្រ​ ធ្វើពីថ្មប្រក់ស័ង្កសី​ ខូចខាត៥០%​ ,ពួក​ ,ខ្នើយ​ ,ខោអាវ​ និងទូដាក់ខោអាវផងដែរ ។

ប្រភពដដែលបន្តទៀតថា នៅវេលាយប់កើតហេតុ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធ បាននាំគ្នាគេងក្នុងផ្ទះរបស់ខ្លួនលើឡៅតឿ លុះមកដល់វេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ស្រាប់តែមានអគ្គិភ័យកើតឡើង បានឆេះក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធត្រូវភ្លើងឆេះស្លាប់ រីឯជនរងគ្រោះជាប្តី ទទួលរងរបួសធ្ងន់ ខណៈនោះដែរ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយអន្តរាគមន៍ ពន្លត់ និងយកជនរងគ្រោះដែលរងរបួសធ្ងន់ ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញពុំទាន់ដឹងនៅឡើយថា បណ្ដាលមកពីអ្វីនោះទេ ។ ចំណែកសាកសពស្រ្តីរងរគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖