ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើសកម្មភាពចូលមកកាប់ឈើខុសច្បាប់ នៅគីឡូម៉ែត្រលេខ១៥៧ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចខេត្ដមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។
ប្រភពបន្តថា ជនសង្ស័យទាំង០៥នាក់ ដែលបានឃាត់ខ្លួននោះរួមមាន ទី១៖ឈ្មោះ ង្វៀង ហ៊ងណាម អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ ង្វៀង ចុងទូ អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម, ទី៣៖ឈ្មោះ ធែល ចន្ធី អាយុ២១ឆ្នាំ, ទី៤៖ឈ្មោះ ថាន អូន អាយុ២៧ឆ្នាំ និងទី៥៖ឈ្មោះ រឿង ពេជ្រ អាយុ៣១ឆ្នាំ។
សមត្ថកិច្ចដកហូតបាន រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿង, រថយន្តម៉ាកកាមរីហើម ពណ៌ស ស្លាកលេខភ្នំពេញ2C-7802 ចំនួន០១គ្រឿង, ម៉ាស៊ីនរណាយន្តម៉ាកស្ទីល០៣៨ ពណ៌ក្រហមចំនួន០២គ្រឿង និងម៉ូតូម៉ាក Honda Dream ពណ៌ព្រីងទុំ ចំនួន០១គ្រឿង ។
លោក ឌិន ប៊ុនធឿន អនុប្រធានបរិស្ថានខេត្តមណ្ឌលគិរី ដែលជាអ្នកចុះធ្វើប្រតិបត្តិការផ្ទាល់អះអាងថា ពួកគេទាំង៥នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមច្បាប់ ។ លោកបានអះអាងថា កម្លាំងនៅក្នុងតំបន់ការពារសីមា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ក្រាបបទល្មើស ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅតែមានចំណុចចន្លោះប្រហោង នៅគ្រាដែលកម្លាំងនៅតំបន់ដែនជម្រកសត្វព្រៃសីមាមានចំនួនតិចនៅឡើយ ហើយទំហំផ្ទៃដីដែលត្រូវប្រតិបត្តិការធំធេងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ យើងបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារ យ៉ាងសកម្ម ។ វានៅតែមានចំណុចចន្លោះប្រហោង ដែលយើងនឹងបន្តបំពេញបន្ថែម ៕ ហេង សូរិយា