ខេត្តបាត់ដំបង៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៃកម្ពុជា បានបន្តដំណើរចុះពិនិត្យជាក់ស្តែង ដើម្បីវាយតម្លៃស្ថានភាពទឹកនៅបណ្តាខេត្តពាយ័ព្យប្រទេស ។
ប្រភពបានឲ្យដឹងថា នៅក្នុងដំណើរចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃស្ថានភាពទឹកនៅបណ្តាខេត្តស្ថិតនៅពាយ័ព្យប្រទេស ដែលកន្លងមកស្ថានភាពភ្លៀងធ្លាក់ពុំទាន់បានល្អប្រសើរនៅឡើយ គួបផ្សំនឹងផ្ទៃដីនៃបណ្តាខេត្តដែលសុទ្ធសឹងជាជង្រុកស្រូវនោះ, នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅពិនិត្យ ៖ ១-វឌ្ឍនភាពនៃសំណង់សាលាតាអនកាត់ស្ទឹងសង្កែភាគខាងក្រោម សហការណ៍ជាមួយសាធារណរដ្ធកូរ៉េ ដែលជាលទ្ធផលសម្រេចបានប្រមាណ២៥% ។ ២-ពិនិត្យអំពីស្ថានភាពជាក់ស្តែងនៃបរិមាណទឹកនៃអាងទឹកកំពីងពួយក្នុងន័យធ្វើយ៉ាងណាជម្រុញទឹកពីប្រភពដើមឲ្យបានចូលបំពេញកាន់តែលឿន ។ ៣-ចុះពិនិត្យនិងជម្រុញនូវការដ្ឋានជួលជុលសំណង់តាហែនដែលបច្ចុប្បន្នមានលទ្ធភាពបញ្ជូនទឹកចូលបំពេញដល់អាងកំពីងពួយ និងចែករំលែកដល់កន្លែងដទៃទៀតដែលកំពុងមានតម្រូវការ ៕ សុខ ខេមរា