ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ យកមកប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្ដចំនួន១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីព្រះសង្ឃដែលគង់ចាំព្រះវស្សាយកទៅប្រើប្រាស់តាមព្រះពុទ្ធសាសនា ។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៩ នៅវត្ដនាគវន្ដ័ សង្កាត់បឹងកកទី២ ខណ្ឌទួលគោក ។
ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង អភិភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃទាំង១៥០វត្ដទូទាំងរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ តាមគន្លងបវេណីរបស់ព្រះពុទ្ធសានា ។
ឆ្លៀតក្នុងឱកាសនោះ លោក បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍ យ៉ាងល្អប្រសើរ ។
លោក បន្តថា៖ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្សប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ។
ក្នុងកម្មវិធីប្រគេនទានព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗទទួលបានបច្ច័យ១០ម៉ឺនរៀល, ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម, ប្រេងមួយកាន ចំណុះ៣០លីត្រ, ស្កស១បាវទំងន់២៥គីឡួក្រាម, ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស, ទឹកបរិសុទ្ធ២កេស, មី២កេស ។
ក្នុងនោះ លោក អភិបាលរាជធានី ក៏បានផ្តល់អំណោយដល់យាយជីតាជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រណាត់ស១ដុំ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។
សូមបញ្ជាក់ថា៖ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ៕ សំរិត